លោក ចូបៃឌិន ក្លាយជាប្រធានាធិបតី ទី៤៦ របស់អាមេរិក
សារព័ត៌មាន នានារបស់អាមេរិក និងនៅជុំវិញពិភពលោកបានផ្សព្វផ្សាយ ពីជ័យជម្នះរបស់លោកបៃឌិន សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ ២០២០។ ការប្រកាសពីជ័យជម្នះនោះបានបញ្ចប់ ក្តិស្រម័យរបស់លោកត្រាំដឹកនាំអាមេរិកមួយអាណត្តិទៀត។
លោក បៃឌិន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០២០ ដែលជាចំណុចកំពូលនៃប្រវត្តិសាស្ត្រចូលរួមក្នុងឆាកនយោបាយអាមេរិកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ។ ក្តីស្រមៃរបស់លោកបៃឌិនបានក្លាយជាការពិតហើយ។
តើលោក បៃឌិនជាអ្នកណា? លោកបៃឌិន (Joe Biden )ឈ្មោះពេញ Joseph Robinette Biden Jnr ថ្ងៃខែឆ្នាំកំណើត២០ខែវិច្ឆិកា ១៩៤២កើតក្នុងតំបន់ Scranton, Pennsylvania ។ គ្រួសាររបស់លោកមានដើមកំណើតអៀរឡង់ ។ ក្នុងដំណាក់កាលលំបាកបំផុត លោកបៃឌិន គឺជាបុគ្គលិកលក់រថយន្តចាស់(រថយន្តមួយទឹក)។ ក្រោយមកក៏បាត់បង់ការងារធ្វើ ហើយប្តូរលំនៅឋានទៅកាន់ Delaware។ លោកបៃឌិនកើតនៅក្នុងត្រកូលពលករ មិនដូចលោកត្រាំកើតនៅក្នុងត្រកូលអភិជន (ជួលគេឲ្យជួយប្រឡងជំនួស)ពេលនៅសិក្សានោះឡើយ។ មនុស្សគ្រប់រូបស្គាល់លោកបៃឌិនច្បាស់គឺនៅពេលលោកឡើងធ្វើជាអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា កាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦។ ប៉ុន្តែជីវិតកម្សត់របស់លោកមានអ្នកដឹងតិចណាស់។
លោកបៃឌិនមានប្រពន្ធពីរ ប្រពន្ធ ទីមួយស្លាប់ ហើយប្រពន្ធទីពីរឈ្មោះJill Jacobs រស់នៅជាមួយលោករហូតមកទល់បច្ចុប្បន្ន។
ការឈឺចាប់បំផុតរបស់លោកបៃឌិនគឺការបញ្ចុះសពប្រពន្ធ និងកូនស្រីច្បងរបស់លោកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយមកលោកក៏បានសម្លឹងមើលកូនប្រុសធំរបស់លោកឈ្មោះBeau លាចាកលោកនេះ ដោយជំងឺមហារីក។ លោកក៏បានវិលត្រឡប់ចូលរួមប្រឡូកក្នុងឆាកនយោបាយវិញ ក្រោយការប្រជែងតំណែងប្រធានាធិបតីអាមេរិកពីរលើកមិនបានសម្រេច។ លោកបៃឌិន គឺជាមនុស្សនៃការតស៊ូ ត្រឹមត្រូវ និងជិតស្និទ្ធ។
ចំពោះពលរដ្ឋអាមេរិក លោកបៃឌិន គឺជាមនុស្សរបស់មហាជន ជាអ្នកនយោបាយដ៏ឆ្នើមរបស់អាមេរិក ។ ប៉ុន្តែពលរដ្ឋមួយចំនួននៅជុំវិញពិភពលោកមិនទាន់ដឹងច្បាស់ថាលោកបៃឌិនជាអ្នកណានៅឡើយ។ លោកបៃឌិន (Joe Biden) ធំឡើងនៅតំបន់ Scranton, Pennsylvania និងស្រុក New Castle, Delaware ។ លោកបានបញ្ចប់ការសិក្សាមហាវិទ្យាល័យ Syracuse , Delaware ផ្នែកច្បាប់។ លោកបានក្លាយជាមេធាវី នៅឆ្នាំ១៩៦៩ ហើយត្រូវបានបោះឆ្នោតចូលរួមនៅក្នុងគណៈកម្មការស្រុកNew Castle ។ ក្នុងអំឡុងពេលនោះ លោកត្រូវបាន បោះឆ្នោតចូលក្នុងសមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Delaware នាឆ្នាំ១៩៧២ ក្លាយជាសមាជិកព្រឹទ្ធសភាអាមេរិកវ័យក្មេងបំផុត ។
ក្នុងឆាកនយោបាយ លោកបៃឌិនបានតស៊ូយ៉ាងខ្លាំង ហើយលោកក៏បានក្លាយជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ។ ប៉ុន្តែចំណុចនយោបាយលេចធ្លោបំផុតរបស់លោកគឺនៅឆ្នាំ១៩៩១ លោកជាអ្នកប្រឆាំងសង្គ្រាមឈូងសមុទ្រ ប៉ុន្តែលោកគាំទ្រឲ្យពង្រីកសម្ព័ន្ធយោធាណាតូនៅអឺរ៉ុបខាងកើត ។ ក្រៅពីនេះ លោកក៏បានគាំទ្រដល់សង្គ្រាមអុីរ៉ាក់ឆ្នាំ២០០២ ប៉ុន្តែលោកប្រឆាំងការបង្កើនចំនួនទាហានអាមេរិកនៅឆ្នាំ២០០៧។
ចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៥ លោកបៃឌិនជាប្រធានគណៈកម្មការច្បាប់ព្រឹទ្ធសភាអាមេរិក ដោះស្រាយពាក់ព័ន្ធគ្រឿងញៀន ប្រឆាំងបទល្មើស និងសេរីភាពរបស់ពលរដ្ឋ។ មុនពេលលោកចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ លោកក៏ធ្លាប់បានចូលរួមប្រជែងតំណែងបេក្ខភាពប្រធានាធិបតីនៅឆ្នាំ១៩៨៨ និងឆ្នាំ២០០៨ ដែរតែមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។