កម្ពុជា រង​ឥទ្ធិពល​កូន​ព្យុះ​អេ​តូ នឹងធ្វើ​ឲ្យ​មាន​ភ្លៀងខ្យល់ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា យោង​ការតាមដាន និង​ការវិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិ​សម្ពាធ ( Tropical Depression ) បាន និង​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅជា កូន​ព្យុះ ទី ២១ ឈ្មោះ អេ​តូ ( ETAU ) នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​តាម​ការ​ព្យាករ​ព្យុះ​នេះ នឹង​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ (Tropical Depression) ពេល​ចូលដល់​លើ​ឆ្នេរ​ភាគខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់​មកជា​សម្ពាធ​ទាប (Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​យប់​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖
* បណ្តា​រាជធានី ខេត្ត​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគខាងត្បូង នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត ពី​បង្គួរ​ទៅ​ច្រើន ។​
* បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។​

​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close