ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ថៃ បន្ត​តានតឹង ខណៈ​ក្រុមបាតុករ នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​

​ក្រុមបាតុករ​ថៃ បាន​នាំ​លិខិត​សំណូមពរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ក៏ត្រូវ កម្លាំង​សន្តិសុខ​រារាំង បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា បង្ខំ​ឲ្យ​ប៉ូលិស​ប្រើ​រថយន្ត​ទឹក​បាញ់​បំបែក ហ្វូង​បាតុករ​។​

​តាម​សារព័ត៌មាន CNA នៅ​រសៀល​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២0២០ បាន​ផ្សាយ​ថា ក្រុមបាតុករ​ថៃ​បាន​រត់​ចែក​ជើង​គ្នា​កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​បាន​ប្រឈម​ជាមួយ​ប៉ូលិស​បង្ក្រាប​កុប្បកម្ម និង​កងសន្តិសុខ​ថៃ នៅពេល​ពួកគេ​បាន​ព្យាយាម​ដើរហើរ​ក្បួន​ទៅកាន់​ព្រះបរមរាជវាំង​។​

​ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​ទៅលើ​ក្រុម​តវ៉ា​រាប់ពាន់នាក់ ដែល​បាន​ដើរ​ឆ្ពោះទៅកាន់​ការិយាល័យ​រាជវាំង ដើម្បី​ដាក់​លិខិត​ទាមទារ​ឱ្យមាន កំណែទម្រង់​របប​រាជា​ធិបតេយ្យ​។ ក្រុមបាតុករ​បាននាំគ្នា​ដើរ​ដង្ហែរ​ក្បួន​ទៅកាន់​ព្រះបរមរាជវាំង ដើម្បី​ថ្វាយ​សារ​ជូន​ដល់​អង្គ​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន ក្នុង​គោលបំណង​ទូល​ព្រះអង្គ​ពី​របៀប​ដែល​រាជាធិបតេយ្យ គួរតែ​សម្រប​ទៅតាម​ប្រព័ន្ធ​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស​ថៃ​។​

​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា កិច្ចចរចា​បានធ្វើ​ឡើង​រវាង​ក្រុមអ្នកតវ៉ា និង​ប៉ូលិស​ជុំវិញ​ការថ្វាយ​សារ​។ ប៉ូលិស​ក៏បាន​សម្តែង​ការសុំ​ទោស ចំពោះ​ការប្រើប្រាស់​កាណុង​បាញ់​ទឹក​។ ក្រោម​មក​សារ​មួយច្បាប់​ត្រូវបាន​អាន​លឺៗ មុនពេល​ក្រុមអ្នកតវ៉ា​ទម្លាក់​ចូលទៅក្នុង​ប្រអប់​មួយ នៅ​ខាងក្រៅ​ព្រះបរមរាជវាំង ដើម្បី​រង់ចាំ​ការបើក​យក​ពី​ការិយាល័យ​ព្រះបរមរាជវាំង​។​

​អ្នករៀបចំ​បាតុកម្ម​នៅ​ថៃ​មួយរូប កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា «​ប្រសិនបើ​ព្រះមហាក្សត្រ​ទ្រង់​ស្រឡាញ់​ប្រជានុរាស្ត្រ​ទាំងអស់គ្នា ព្រះអង្គ​ត្រូវតែ​ទទួល​លិខិត​ពី​ពួកយើង ដែលជា​មនុស្ស​ស្មើគ្នា​ទៅនឹង​ក្រុម​អាវ​លឿង ដែល​តែងតែ​ស្រែកថា ព្រះមហាក្សត្រ​អាយុ​យឺនយូរ​។ យើង​ជា​ពលរដ្ឋ​សាមញ្ញ ដែល​ហ៊ាន​និយាយ​ការពិត​ក្នុង​ចេតនា​ល្អ មិន​ជេរប្រមាថ មិន​កុហក ឬ​និយាយ​ពាក្យ​ផ្អែមល្ហែម​ចំពោះ​ការសរសើរ ដែល​មនុស្ស​មួយចំនួន​បានធ្វើ​នោះទេ​»​។​

​គួររំលឹកថា កាលពី​សប្តាហ៍​មុន​ព្រះមហាក្សត្រ​ថៃ ទ្រង់​បានផ្តល់​សេចក្តី​អត្ថាធិប្បាយ​ជុំវិញ​ការតវ៉ា ដែល​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ​ថា ព្រះអង្គ​គ្មាន​យោបល់​អ្វី​ឡើយ ព្រះអង្គ​ស្រឡាញ់​ប្រជារាស្ត្រ​ដូចៗ​គ្នា និង​ពាក្យ​មួយ​ឃ្លា​ចុងក្រោយ​ថា «​ប្រទេស​ថៃ​គឺជា​ទឹកដី​នៃ​ការសម្របសម្រួល​»​។​

​យោងតាម​ស្នងការ​ប៉ូលិស​ទីក្រុង​បាងកក​លោក ភី​យ៉ា ថា​វី​ឆៃ (Piya Tawichai) បានឱ្យដឹងថា ប៉ូលិស​ច្រើនជាង ៩,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ កាលពី​ថ្ងៃអាទិត្យ​ជុំវិញ​វិមាន​ប្រជាធិបតេយ្យ ព្រះបរមរាជវាំង និង​វិមាន​រដ្ឋាភិបាល​មុនពេល​បាតុកម្ម​ចាប់ផ្តើម​ប្រមូលផ្តុំ​។ ប៉ូ​លិ​ល​ក៏បាន​ព្រមាន​ក្រុមអ្នកតវ៉ា មិនឱ្យ​រៀបចំ​ការជួប​ជុំគ្នា​ជា​សាធារណៈ​ចម្ងាយ ១៥០​ម៉ែត្រ​ពី​ព្រះបរមរាជវាំង ឬ​កន្លែង​គង់នៅ​របស់​គ្រួសារ​រាជវង្ស​ឡើយ ហើយ​រាល់​ការបំពាន​ណាមួយ នឹង​នាំឱ្យ​ប្រឈមមុខ​ផ្លូវច្បាប់​ជាក់​ជាមិនខាន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close