អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​ចាត់វិធានការ ចំពោះ​ក្លិប​កំសាន្ត​ណា ​មិន​ព្រម​បិទ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​

​ខេត្តសៀមរាប​៖ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខណៈពេល​នេះ លោក​កំពុង​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ទៅពិនិត្យ​មើល​តាម​បណ្តា​ក្លិប​កំសាន្ត​នានា​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​បានដឹងថា តើ​មាន​ក្លិប​កំសាន្ត​ណាខ្លះ​មិនទាន់បាន​បិទ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​ប្រសិនបើ​រកឃើញថា ក្លិប​កំសាន្ត​ណា ដែល​មិន​ព្រម​បិទ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល អាជ្ញាធរ​ខេត្តសៀមរាប នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ដូចជា​ការដក​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ជាដើម ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ចុះ​ពិនិត្យមើល​ជាក់ស្តែង​នូវ​ទីតាំង​អាជីវកម្ម ក្លឹប​កំសាន្ត ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន ក្នុង​ក្រុង​សៀមរាប កាលពី​យប់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។​

​គួររំលឹកថា បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា​មក កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ ក្រសួងសុខាភិបាល បានប្រកាស​ឱ្យ​បិទ​ក្លឹប​កំសាន្ត ខារ៉ាអូខេ រោងភាពយន្ត និង​សារមន្ទីរ​នៅ​ទូទាំងប្រទេស ហើយ​គិត​ត្រឹម​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន​សរុប​១.១៦៦​នាក់ ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២ ហើយ​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មាន​ចំនួន​១.១៤៣​នាក់ ក្នុងនោះ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​០៣​នាក់ និង​អ្នក​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​១.១៤០​នាក់ រីឯ​វត្ថុ​សំណាក​នៅសល់​ចំនួន​២៣​នាក់ នឹងត្រូវ​វិភាគ​បន្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close