ធ្លាក់​ទូរ​កុងតឺន័រ សង្កត់​លើ​រថយន្ត​១​គ្រឿង​កំពុងបើក​តាមផ្លូវ ស្លាប់​ម្នាក់ នៅនឹងកន្លែង​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​វេលា​ម៉ោងជាង ៨​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ធំ​១​គ្រឿង បាន​ធ្លាក់​ទូរ​កុងតឺន័រ សង្កត់​លើ​រថយន្ត​១​គ្រឿង​ទៀត​ខ្ទេច បណ្តាល​ឲ្យ​អ្នក​នៅក្នុង​រថយន្ត​នោះ ស្លាប់​ភ្លាមៗ លើផ្លូវ​ជាតិ​លេខ​៤ នៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​HINO ពណ៌​ខៀវ​លាយ​លឿង ពាក់​ផ្លាកលេខ​ភ្នំពេញ ៣A-០៩៣៥ ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​បាន​ធ្លាក់​ទូ​កុងតឺន័រ​សង្កត់​លើ​រថយន្ត ១​គ្រឿង​ទៀត ម៉ាក TOYOTA CAMRY ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ ២M-៦៨៦៥ ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។​

​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ សឹង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ពិនិត្យ រួច​បាន​ឃាត់​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​នោះ ដើម្បី​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close