ក្រសួងអប់រំ ចេញវិធានការ៤ចំណុច ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅគ្រឹះស្ថានសិក្សាតាមបណ្ដាខេត្ត
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា។
ក្រសួង បញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធ អនុវត្តតាមអ្វីដែលមានចែងក្នុងលិខិត។
ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងអប់រំ បានណែនាំ ៤ចំណុច ដូចខាងក្រោម៖
*ទី១៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាន នៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា
*ទី២៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្ដីពី ចំពោះបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង
*ទី៣៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង
*ទី៤៖ បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័ឲ្យបានត្រឹមត្រូវបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។