ក្រសួងសុខាភិបាល ច្រានចោល​ការយក​រូប​ចាស់​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ មក​បង្ហោះ​ជាថ្មី និង​ស្នើ​សមត្ថកិច្ច​ចាត់វិធានការ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ចេញមក​ច្រានចោល​ទាំងស្រុង ចំពោះ​ការយក​រូប​ចាស់​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ មក​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ជាថ្មី​នាំ​ឲ្យ​មានការ​យល់ច្រឡំ និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។​

​ការ​ចេញមក​ច្រានចោល​របស់​ក្រសួងសុខាភិបាល ធ្វើឡើង​ក្រោយ​មាន​គណនី Facebook មួយ​ឈ្មោះ «​មុំ ស៉ី​កូ​ប្រា​» បាន​យក​រូបភាព​ចាស់ ទៅ​បង្ហោះ​ជាថ្មី​នាំ​ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ សុំ​កុំ​ជឿ​ជា​រូបភាព​ចាស់​ដែល​ពេលនោះ​ក៏​មិន​ពិត​ដែរ ដែល​ជនអនាមិក​បាន​យកមក​ផុស​ឡើងវិញ បំពុលសង្គម​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ លើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បច្ចុប្បន្ននេះ​»​។​

​ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌី​ន ក៏បាន​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តាជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងនេះ ដែល​អាច​បង្កចលាចល​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​។​

​គួរ​ជម្រាប​ថា ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០១​នាក់ (​ស្រី ៦១​នាក់ និង​បុរស ២៤០​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close