ស្លាប់​ម្នាក់ រងរបួស​ម្នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត បុក​ម៉ូតូ​ពេញទំហឹង​

​ខេត្តកំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១ និង​៥០​នាទី​យប់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​រថយន្ត​បង្ក​ខាងលើ ម៉ាក​ហ្ស៊ុ​យ​ហ្សូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣E. ២៩៨៥ រ៉ឺម៉ក​លេខ​ភ្នំពេញ​៤A. ១៧៦៥ របស់​ក្រុមហ៊ុន​( DN ) លុះ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ិ​ច​សាយ​ទ័​រ Exciter ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១K. ០៨៩៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹងថា ភាគី​ខាង​ម៉ូតូ​ឈ្មោះ ឃៀង សំបូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ( ស្លាប់ ) និង​របួស​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ឆុង ទួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​រងរបួស​) អ្នក​ទាំង​២ រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ករណីនេះ សមត្ថកិច្ច​បានធ្វើការ​ប្រមូល​វត្ថុតាង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close