៩​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក សម្រេចបាន​ជិត ៥​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ២២​ភាគរយ​

​ភ្នំពេញ​៖ របាយកាណ៍​របស់​ការិយាល័យ ស្ថិតិ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ថា នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ មាន​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់ ៤ ៨២៨.៧​លាន​ដុល្លារ កើនឡើង​ជិត​២២​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៣ ៩៥៨.៧​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ការនាំ​ចូល​របស់​កម្ពុជា ពី​សហរដ្ឋអាមេរិក​វិញ នៅ​រយៈពេល​៩​ខែ​ឆ្នាំនេះ មាន​ទឹកប្រាក់ ២៣២​លាន​ដុល្លារ ធ្លាក់ចុះ​៤២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ទឹកប្រាក់ ៤០០​លាន​ដុល្លារ​។​

​ផលិតផល​សំខាន់ៗ ដែល​កម្ពុជា​នាំចេញ ទៅ​អាមេរិក មាន​សម្លៀកបំពាក់ សម្ភារ​សម្រាប់​ការធ្វើដំណើរ (​វ៉ា​លី កាបូប​) កង់ និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។ ចំណែក​កម្ពុជា នាំចូល​ពី​អាមេរិក​វិញ មានដូចជា​រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី​អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

​គួរ​បញ្ជាក់ថា បើតាម​តួលេខ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទំហំ​ពាណិជ្ជកម្ម​នាំចូល​របស់​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០​នេះ មានតម្លៃ​ប្រមាណ ១៣.៦ ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ថយចុះ​៨.៧០%​។​

​ដោយឡែក​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ មានតម្លៃ​ប្រមាណ ១៤.១ ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល ៩​ខែ ឆ្នាំ​២០១៩ កើនឡើង ២០.០៧%​។ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន ទោះបីជា​សេដ្ឋកិច្ច​សកល រំពឹងថា​នឹងមាន​កំណើន​អវិជ្ជមាន និង​បណ្តាល​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម កំពុង​ជួបប្រទះ​បញ្ហា​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី​។ ទំនិញ​ដែលមាន​កំណើន​នាំចេញ​ខ្ពស់ មានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី ផលិតផល​កសិកម្ម​ផ្សេងទៀត​ក៏​កើនឡើង​ដែរ និង​មាស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close