ស្ថានភាព​នយោបាយ​នៅ​កោះ​ហុងកុង​កាន់តែ​អាក្រក់ ក្រោយ​សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ប្រកាសថា នឹង​លាលែង​ចេញពី​តំណែង​

ហុងកុង​៖ សារព័ត៌មាន CNA នៅ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា សមាជិកសភា​ហុងកុង​ទាំងអស់ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បានប្រកាសថា ពួកគេ​នឹង​លាលែង​ចេញពី​តំណែង ជាការ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព ចំពោះ​មិត្ត​រួមការ​ងារ​ទាំង​បួន​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​គាំទ្រ​ទីក្រុង​ប៉េកាំង ដកសិទ្ធិ​ជា​សមាជិកសភា​។​


​
សមាជិកសភា​ហុងកុង​ដែលមាន​ជំហរ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ១៩​រូប កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក៏​ធ្លាប់បាន​ព្រមាន​លាលែង​ពី​តំណែង​ម្តង​រួចទៅហើយ ប្រសិនបើ​មាន​សមាជិកសភា​ដែល​គាំទ្រ លទ្ធិប្រជាធិបតេយ្យ​ណា​ម្នាក់ ត្រូវបាន​គេ​ដកសិទ្ធិ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​ពួកគេ និង​ជាការ​បង្ហាញថា តើ​ក្រុង​ប៉េកាំង​អាចមាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ក្រុមប្រឆាំង តាមរបៀប​ណា​ផងដែរ​។​

នៅ​បំផុត​សមាជិក ០៤ រូប​ក្នុងចំណោម ១៩​រូប​ត្រូវបាន​ដកសិទ្ធិ​ពី​សមាជិកសភា​។ ឆ្លើយ​ចំពោះ​ចំណាត់ការ​ពី​អាជ្ញាធរ​ហុងកុង​នេះ នៅក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​មួយ លោក វូ ជី​វ៉ៃ (Wu Chi-wai) ជា​សមាជិកសភា​ម្នាក់​ក្នុងចំណោម​សមាជិកសភា​ប្រជាធិបតេយ្យ​នៅសល់ ១៥​រូប បានលើកឡើង​ដូច្នេះ​ថា «​យើង​…​នឹង​ឈរ​ប្រកៀក​ស្មា​ជាមួយ មិត្ត​រួមការ​ងារ​របស់​យើង ហើយ​យើង​នឹង​លាលែង​ទាំងអស់គ្នា​តែម្ដង​»​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ទីក្រុង​ហុងកុង បាន​ដកសិទ្ធិ​សមាជិកសភា នៃ​បក្សប្រឆាំង​ចំនួន ០៤​រូប​ភ្លាមៗ បន្ទាប់ពី​សភា​ចិន​បានអនុម័ត​នូវ​ដំណោះស្រាយ​មួយ ដែល​អនុញ្ញាតឱ្យ​នាយក​ប្រតិបត្តិ​ទីក្រុង​នេះ បណ្តេញ​សមាជិកសភា ដោយ​មិនចាំបាច់​ឆ្លងកាត់​តុលាការ​។ រដ្ឋបាល​ទីក្រុង​ហុងកុង​បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សមាជិកសភា​ប្រឆាំង ០៤​រូប គឺ​លោក អាល់​វីន យ៉ាង (Alvin Yeung), ឌែ​ន​នី​ស ក្វុ​ក (Dennis Kwok), ក្វុ​ក កាគី (Kwok Ka-ki), និង ឃែ​ន​ណេ​ត លាង Kenneth Leung ត្រូវបាន​ដក​សិទ្ធ​ពីបទ​បង្ក​គ្រោះថ្នាក់ ដល់​សន្ត​សុខ​របស់​ជាតិ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close