ថ្ងៃនេះ​! មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ម្នាក់ ខណៈ​មិនមាន​ករណី​ឆ្លង​ថ្មី

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ករណី​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​១៩​មា្ន​ក់ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេ​។​

​អ្នកជា​សះស្បើយ​នេះ ជា​ស្ត្រី​ជនជាតិ​បារាំង អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយឡែក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា បាន​ចំនួន​៥៦​នាក់ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។​

​គិតពី​ថ្ងៃទី​០៤ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត​ដែល​បានធ្វើ​វិភាគ​មាន ២៥៥៣​វត្ថុ​សំណាក់ (​ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​ធ្វើតេស្ត​លើក​ទី​១ ចំនួន​១៧៣៤​នាក់ និង​លើក​ទី​២ ចំនួន​៨១៩​នាក់​) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៤​នាក់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន មាន​ចំនួន​១៧៣០​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣០១​នាក់ (​ស្ត្រី​៦១​នាក់ និង​បុរស​២៤០​នាក់​) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៩​នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​១២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close