ចិនបើករថយន្ត បុករោងកម្មករកំពុងសម្រាក់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១២ រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿង បានចង្កូតទៅបុករោងកម្មករកំពុងសម្រាក នៅលើផ្លូវ149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កនោះ ម៉ាក COLORADO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0264 បើកបរដោយឈ្មោះ WANG XUSHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន និងរួមដំណើរម្នាក់ ឈ្មោះ ZHANG QI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។ អ្នកទាំងពីរ ជាបុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រភពថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកពីភ្នំ៩៦ ឆ្ពោះទៅអូរត្រេះ លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកនឹងរោងកម្មករកំពុងសម្រាក បណ្តាលឲ្យមានម្ចាស់ឈ្មោះ នឹម អៀប ភេទប្រុស អាយុ៤៧ឆ្នាំ ស្លាប់នៅនឹងកន្លែង និងប្រពន្ធឈ្មោះ ឆាន រី អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីរ មានមុខរបរកម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបាននាំនគរបាលនាំខ្លួនទៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីបន្តតាមនិតិវិធី។ រីឯជនរងគ្រោះ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។