អាជ្ញាធរ​ថៃ រឹបអូស​គ្រឿងញៀន​៤៥៧​បាវ តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​

​ថៃ​៖ អាជ្ញាធរ​ប្រទេស​ថៃ បាន​រឹបអូស​ថ្នាំញៀន គិត​ជា​ប្រាក់​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ប្រភេទ​ថ្នាំញៀន​កេ​តា​មីន ភាគច្រើន​នៃ​ថ្នាំញៀន​ទាំងនេះ​មាន​គោលដៅ​នាំ​ចេញទៅ​សហគម​អឺរ៉ុប ជប៉ុន​ឬ​កូរ៉េ នេះ​បើតាម​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ថៃ បញ្ជាក់​កាលពី​ថ្ងៃទី​១២ វិច្ឆិកា ម្សិលមិញ​។​

​លោក Montri Yimyaem ប្រធានការិយាល័យ​បាន​និយាយថា ទំហំ​នៃ​ការ​រឹបអូស​ដ៏​ច្រើន​នេះ​មាន​ទាក់ទង​នឹង​បណ្តាញ​ប្រទេស​ជាច្រើន ហើយ​ថា ថៃ​នឹង​បន្ត​ស៊ើបអង្កេត សហការ​ជាមួយ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ និង​ទីភ្នាក់ងារ​អន្តរជាតិ​នានា​។​ លោក Montri Yimyaem បញ្ជាក់ថា «​ថ្នាំញៀន​ប្រភេទ​នេះ​មិនសូវ​ពេញនិយម​ទេ ក្នុងប្រទេស​ថៃ ហើយ​ភាគច្រើន​គឺ​លក់​នៅក្រៅ​ប្រទេស រួមមាន​ទាំង​អឺរ៉ុប អូស្ត្រាលី កោះ​តៃវ៉ាន់ ជប៉ុន និង​កូរ៉េ​»​។​

​ក្រុម​ស៊ើបអង្កេត​បាន​រកឃើញ​ថ្នាំញៀន​ទាំងនេះ ក្នុង​បាវ​ចំនួន​៤៥៧ ដោយ​១​បាវៗ ទម្ងន់​២៥​គីឡូក្រាម តម្លៃ​ប្រមាណ​២៩​ពាន់​លាន​បាត ឬ ជិត​១​ពាន់​លាន​បាត ពី​ក្នុង​ឃ្លាំង​មួយ​ក្នុង​ខេត្ត Chachoengsao ភាគ​ខាងកើត​ក្រុង​បាងកក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close