ស្លាប់​២​នាក់ និង​របួស​ច្រើន​នាក់​ទៀត ដោយសារ​រថយន្ត​ដឹក​ទឹកកក ព្រលះ​បុក​រថយន្ត​ដឹកទំនិញ​កំពុង​ចត​ចោល

​ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត រងរបួស​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង ដែល​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

​សាក្សី បាន​រៀបរាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ពណ៍​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០៩៨៧ ដឹកទំនិញ​មួយគ្រឿង បាន​ខូច​ហើយ​ឈប់​ចត​នៅ​អែប​ខាងស្តាំ​ដៃ និង​បាន​កាច់​មេឃ​ឈើ​ដាក់​ជាស​ញ្ញា​ផងដែរ លុះ​ក្រោយមក​ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ព​ណ៍ស ពាក់​ស្លាក​លេខ បាត់ដំបង ៣A -២៥៤២ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ សុខ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ស្លាប់​) និង​ឈ្មោះ អូន មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង ជា​អ្នកបើកបរ​រងរបួស​ស្រាល​។ ដោយឡែក​ចំពោះ​ភាគី​ខាង​រថយន្ត​ដឹក​ទឹកកក​បើកបរ​ដោយ​ឈ្មោះ យឹម ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ស្លាប់​) និង​ម្នាក់ទៀត ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​បានប្រគល់​សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close