អ្នកលក់​ឡេ​អន​ឡាញ​ ទ្រី សុ​ផានិត ជា​បងស្រី​បង្កើត​អ្នកស្រី ទ្រី ដា​ណា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចាប់ខ្លួន​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ម្នាក់​ឈ្មោះ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ ស្ថិតនៅ​តាមផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​កម្លាំង​នគរបាល បាន​ឲ្យ​ដឹងថា អ្នកលក់​ឡេ​អន​ឡាញ​ល្បី ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០»​។​

​តាម​ដីកា​ដដែល​បាន​បន្តទៀតថា ជន​ត្រូវ​ចោទ​រូបនេះ ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​ជន​ត្រូវ​ចោទ​យក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» ប៉ុន្តែ​ធាតុពិត​ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​

​ក្រោយ​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ ទ្រី សុ​ផានិត ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​បន្តទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្តទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close