ថ្ងៃនេះ​! កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត ខណៈ​អ្នកជា​សះស្បើយ​២​នាក់ មាន​ម្នាក់​ក្នុងចំណោម​ព្រឹត្តិការណ៍​៣​វិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ថ្មី​ចំនួន​០១​នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន​០២​នាក់​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​ថ្មី​ម្នាក់ គឺជា​បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ ៥៦​ឆ្នាំ ស្នាក់​បុរី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយឡែក​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​០២​នាក់ ក្នុងនោះ​មាន​លោក សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា កន្លងមក និង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ បានធ្វើ​ដំណើរ មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២០​។​

​អ្នក​ទាំងពីរ​នាក់​ខាងលើ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល​បន្ត​ថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ ០១​នាក់ (​ដូច​បាន​ជម្រាបជូន​ខាងលើ​) ដែល​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា នៅសល់​ចំនួន ០៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣០៣​នាក់ (​ស្ត្រី ៦១​នាក់ និង​បុរស ២៤២​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ១២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close