ថ្ងៃនេះ​! រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត តែ​គ្មាន​អ្នកជា​សះស្បើយ​នោះទេ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ថ្មី ចំនួន​០១​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៤៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន ដាក់ឱ្យ​សម្រាក​ព្យាបា ល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ដោយឡែក​សម្រាប់ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅសល់​ចំនួន ៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ទាំងអស់ ដើម្បី​រួមគ្នា​បញ្ចប់​ស្ថានភាព ចម្លង​វីរុស​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​បញ្ជាក់​ពី​ភាព​មាន ឬ​គ្មាន​ការចម្លង​កូ​វីដ​១៩ ចំពោះ​បុគ្គល​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​១៩ កន្លងមកនេះ ហើយក៏​សម្រាប់​ការ​អាច​បាន​វិលត្រឡប់​ទៅកាន់​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣០៤​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤២​នាក់​) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​១៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close