លោកខាងលិច​ចោទប្រកាន់​ចិន ថា​មិន​គោរព​សន្យា លើ​បញ្ហា​កោះ​ហុងកុង​

បរទេស​៖ បណ្តា​ប្រទេស​លោកខាងលិច បានដាក់​គំនាប់​ទៅលើ​រដ្ឋាភិបាល​ចិន ពាក់ព័ន្ធ កោះ​ហុងកុង ដោយ​ចោទ​ចិន​ថា​មិន​គោរព​ការសន្យា​របស់ខ្លួន​។ នៅពេលនេះ អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និង​នូ​វែ​ល​សេ​ឡង់ រួមគ្នា​ចោទប្រកាន់​ចិន​លើ​បញ្ហា​ហុងកុង​។​

​តាម​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និង​នូ​វែ​ល​សេ​ឡង់ បានរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ចោទប្រកាន់​ចិន​ថា បាន​ក្បត់​សន្យា​របស់​ខ្លួនឯង បន្ទាប់ពី​សមាជិកសភា​ហុងកុង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ០៤​រូប ត្រូវបាន​បណ្ដេញ​ចេញពី​សភា​ហុងកុង​។​

​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង ០៥​ខាងលើ ដែលជា​សមាជិក​នៃ​ក្រុម​ប្រទេស​ភ្នែក ៥ ឬ Five Eyes បាន​និយាយថា ចិន​បាន​ក្បត់ពាក្យសន្យា​របស់ខ្លួន ជាមួយ​អង់គ្លេស​កាលពី​ឆ្នាំ​១៩៨៤ ក្នុងការ​រក្សា​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង ដែល​ក្រោយ​ហុងកុង ត្រូវបាន​ប្រគល់ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​ទាំង ០៥​ប្រទេស​នេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​សកម្មភាព​របស់​ចិន​បានបង្ហាញ​យ៉ាងច្បាស់ ពី​ការបំពាន​កាតា​ព្វ​កិច្ច​អន្តរជាតិ ដែល​ត្រូវតម្រូវ​ដោយ​ច្បាប់ និង​សេចក្ដីថ្លែងការណ៍​រួម​រវាង​ចិន និង​អង់គ្លេស ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​»​។​

​គួរ​បញ្ជាក់ថា ប្រទេស​ចិន​មិនទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​នៅឡើយ​ទេ ជុំវិញ​សេចក្តីថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង ០៥​ខាងលើនេះ​។ កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​ហុងកុង​បាន​ដក​សមាជិកភាព ពី​សមាជិកសភា​ហុងកុង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ០៤​រូប ដោយ​ចោទ​ពួកគេ​ថា បានធ្វើ​សកម្មភាព​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​។ ក្រោយ​ការសម្រេចចិត្ត​បែបនេះ សមាជិកសភា​ហុងកុង គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជាច្រើនរូប​ទៀត ក៏បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង ដើម្បី​បង្ហាញ​សាមគ្គីភាព​របស់​ពួកគេ ចំពោះ​សមាជិកសភា​ទាំង ០៤​រូបនោះ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close