អ៊ីរ៉ង់​សង្ឃឹមថា នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ បើ​លោក​បៃ​ឌិន​មានបំណង​ផ្សះផ្សា​ទំនាក់ទំនង​

​តាម​សា​ព័ត៌មាន CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា អ៊ីរ៉ង់​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានប្រកាសថា ខ្លួន​នឹង​វិល​មករក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ដិ​ន លុបចោល​ទណ្ឌកម្ម ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ទណ្ឌកម្ម និង​សម្ពាធ​ទ្វេដង​។​

​លោក បៃ​ដិ​ន ធ្លាប់បាន​សន្យាថា លោក​នឹង​វិលត្រឡប់​ទៅរក​ដំណោះស្រាយ​តាម​ការទូត​ជាមួយ​ប្រទេស​អ៉ី​រ៉ង់​វិញ បន្ទាប់ពី​រយៈពេល​៤​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​សម្រេច​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​តេ​ហេ​រ៉ង់​។ នៅក្នុង​សេចក្តី​អត្ថាធិប្បាយ ចេញផ្សាយ​នៅក្នុង​កាសែត Iran Dairy រដ្ឋមន្ត្រីការបរទេស​អ៉ី​រ៉ង់ លោក ម​ហាំ​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Mohammad Javad Zarif) បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​អ៉ី​រ៉ង់​ជាថ្មី​ម្តងទៀត នឹង​បំពេញ​តាម​ការប្តេជ្ញាចិត្ត របស់ខ្លួន​ដោយ​ស្វ័យប្រវត្តិ មិនមាន​លក្ខខណ្ឌ​បន្ថែម ឬ​សូម្បីតែ​ការចរចា​»​។​

​លោក Zarif បាន​ពិពណ៌នា​លោក បៃ​ដិ​ន ថា​ជា​អ្នកការទូត​ជើងចាស់​ម្នាក់ ដែល​លោក​ស្គាល់​អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ​។
​រដ្ឋមន្ត្រី​រូបនេះ បានកត់សម្គាល់​ទៀតថា នៅពេលដែល ចូលកាន់​ដំណែង​ជា​ផ្លូវការ លោក បៃ​ដិ​ន អាច​លុប​ចោ​ទណ្ឌកម្ម​ទាំងអស់​តាមរយៈ​បញ្ជា​ប្រតិបត្តិ​ចំនួន​៣​។ ប្រសិនបើ​រដ្ឋបាល​លោក បៃ​ដិ​ន ពិតជា​ធ្វើ​ដូច្នេះ​មែន នោះ​អ៉ី​រ៉ង់​នឹង វិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ភ្លាមៗ​។ លោក Zarif ក៏បាន​បន្ថែម​ដែរ​ថា ការវិល​ត្រឡប់មកវិញ​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​កិច្ចព្រមព្រៀង​ខាងលើ​អាច​រង់​ចាំបាន​។​

​គួរ​បញ្ជាក់ថា ប្រធានាធិបតី​អ៉ី​រ៉ង់ លោក ហាស្សាន់ រូ​ហា​នី (Hassan Rouhani) បាន​ហៅ​រដ្ឋបាល​លោក ត្រាំ ថា​មិនអាច​ទុកចិត្តបាន ហើយ​បានចាត់ទុក​រដ្ឋបាល​លោក បៃ​ដិ​ន ថា​នឹង​អាច​នាំមក​វិញ​នូវ​បរិយាកាស ដូច​កាលពី​ឆ្នាំ ២០១៥ នៅពេលដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ត្រូវបាន​បង្កើតឡើង ដោយ​អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក បៃ​ដិ​ន ជា​អនុ​ប្រធានាធិបតី​។ កិច្ចព្រមព្រៀង​នោះ បាន​បន្ធូរបន្ថយ​ទីក្រុង​តេ​ហេ​រ៉ង់ ពី​ទណ្ឌកម្ម​អន្តរជាតិ ជា​ថ្នូរ​នឹង​ការធានា​ដែល​បញ្ជា​ក់ដោយ​អង្គការសហប្រជាជាតិ (UN) ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៉ី​រ៉ង់ មិនមាន​គោលដៅ​យោធា​នោះឡើយ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close