ចាប់ខ្លួនជនជាតិចិន ២នាក់ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្តាហ៍នេះ កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចំនួន ២នាក់។
ជនសង្ស័យជាជនជាតិទាំង ២នាក់ គឺឈ្មោះ ហ្សេវ ចឹងអ៊ី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់បានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំ រឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។