អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យដំណាំស្រូវ ក្រោយរងផលប៉ះពាល់ដោយទឹកជំនន់

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំលោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រី ដោយសហការជាមួយប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងក្រចេះ និងលោកចៅសង្កាត់ ចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារដំណាំស្រូវឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់ នៅសង្កាត់ចំនួន២គឺ៖
១- សង្កាត់រកាកណ្តាល ក្រុងក្រចេះ ផ្ទៃដីដែលខូចខាត និងត្រូវស្តារឡើងវិញ ៨ ២០ហ.ត ស្មើនឹង ១២គ្រួសារ។ គិតត្រឹមថ្ងៃទី១៩ វិច្ឆិកា ម្សិលមិញ គឺសម្រេចបានការស្តារឡើងវិញលើផ្ទៃដី ៤,៥០ហ.ត ស្មើ ៦គ្រួសារ ដោយប្រើពូជស្រូវអស់ចំនួន ៦០០គ.ក្រ។
២- សង្កាត់ក្រគរ ក្រុងក្រចេះ ផ្ទៃដីដែលខូចខាត និងត្រូវស្តារឡើងវិញ ២៣ហ.ត ស្មើនឹង ២៣គ្រួសារ ដោយប្រើពូជស្រូវ ២ ៣០០គ.ក្រ។ ដោយឡែកចំពោះនៅតាមបណ្តាស្រុកផ្សេងទៀត លោកប្រធានមន្ទីរ នឹងរាយការណ៍ជូនអំពីលទ្ធផលបានស្តារឡើងវិញបន្តបន្ទាប់ទៀត។ មូលហេតុកន្លែងខ្លះនៅមានការយឺតយ៉ាវដោយសារទឹកស្រកយឺត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀងចំនួន ២ ៣៧២ គ្រួសារ បានទទួលគ្រាប់ពូជស្រូវ ចំនួន ២៣៧ ២០០គីឡូក្រាម ពី ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។