សាយ រត់​មកដល់​ខេត្តសៀមរាប ជាមួយនឹង​ចំនួន​ថវិកា​រៃអង្គាស​ឡើងដល់​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក​

​ខេត្តសៀមរាប​៖ គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថវិកា​រៃអង្គាស​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ក្នុង​យុទ្ធនាការ « រត់​ដើម្បី​មនុស្សធម៌ ជាមួយ​សាយ » បាន​ឡើងដល់​ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ ស្របពេល​លោក អ៊ួ​ន បឋម ហៅ​សាយ ជា​សិល្បករ​មួយរូប​នៃ​កម្មវិធី​សប្បុរសធម៌​នេះ បាន​រត់​មកដល់​ខេត្តសៀមរាប​ផងដែរ ។​

​ការរត់​មកដល់​ខេត្តសៀមរាប របស់លោក សាយ នេះ គេ​ឃើញ​មាន​វត្តមាន​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើនរូប ក្នុង​ក្រុង​សៀមរាប បានមក​ទទួល​ស្វាគមន៍ នៅ​ចំណុច​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទន្ទឹម​នោះ លោក​អភិបាលរង​ខេត្ត រួម​និង​អ្នកចូលរួម​មួយចំនួន​ទៀត ក៏បាន​រត់​មកកាន់​អាស្រម​ព្រះ​នាង​ចេក ព្រះ​នាង​ចម ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ និង​រត់​ឆ្ពោះទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ក្រុង​សៀមរាប​តែម្ដង​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ដ​សៀមរាប លើកឡើង​ក្នុងឱកាស​នោះ​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ដ​សៀមរាប សូម​អរគុណ​ចំពោះ​សាយ និង​ក្រុមការងារ ដែល​លះបង់​ពេលវេលា​រៀបចំ​យុទ្ធនាការ មនុស្សធម៌​នេះ​ឡើង ដែល​សកម្មភាព​នេះ បានរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា ក៏ដូចជា​បាន​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ខណៈ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រីក​រាលដាល​ជាស​កល​។​

​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ផងដែរ​ថា ក្រៅពី​សេវា​សុខាភិបាល ក្នុង​ក្រុង​សៀមរាប មន្ទីរពេទ្យបង្អែក​ស្រុក ការិយាល័យ​ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព នៅតាម​មូលដ្ឋាន បាន​បំពេញភារកិច្ច​របស់​យ៉ាងសកម្ម ធ្វើយ៉ាងណា ផ្ដល់​ការថែទាំ និង​ព្យាបាល​ទៅតាម​លទ្ធភាព​របស់​អង្គភាព​របស់ខ្លួន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វិសាលភាព និង​បរិមាណ​សេវា​សុខភាព​សាធារណ​ទាំងអស់នោះ នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការបំពេញបន្ថែម​ពី​ផ្នែក​ឯកជន និង​ដៃគូ​នានា​។​

​លោក សាយ បញ្ជាក់ថា ក្នុងនាម​លោក​ជា​អ្នក​នាំសារ នៃ​យុទ្ធនាការ ”​រត់​ដើម្បី​មនុស្សធម៌ ជាមួយ​សាយ​” លោក​ចង់បង្ហាញ​ពី​ការចេះ​រំលែក​គ្នា​ទៅវិញទៅមក​របស់​យុវជន និង​ប្រជាពលរដ្ឋ​ក្នុងសង្គម​ខ្មែរ ជាពិសេស​លើ​វិស័យ​សុខាភិបាល​ក្នុងប្រទេស ដើម្បី​ឲ្យ​មនុស្ស​គ្រប់រូប ទទួលបាន​សុខភាព​ល្អ​។​

​គួរ​ជម្រាប​ថា បន្ទាប់ពី​ចាកចេញ​ការ​ខេត្តសៀមរាប យុទ្ធនាការ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ឬ​រត់​ដើម្បី​កុមារ​កម្ពុជា » នេះ លោក អ៊ួ​ន បឋម ហៅ​សាយ នឹង​បន្ត​រត់​ទៅកាន់​ខេត្តព្រះវិហារ និង​ខេត្ត​ជា​បន្តបន្ទាប់ ចំនួន ២១​រាជធានី​-​ខេត្ត និង​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close