រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត តែ​ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ ២​នាក់​ផងដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ ដែលជា​អ្នកដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ និង​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​២​នាក់​។​

​ក្រសួង​បញ្ជាក់ថា អ្នក​ឆ្លង​ជំ​ង​កូ​វីដ​១៩​ថ្មី​នេះ ជា​បុរស​ជនជាតិ​នេ​ប៉ាល់ អាយុ​៣៧​ឆ្នា​ម ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ ទៅ​ដូ​ហា និង​បន្ត​ជើងយន្តហោះ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃ​ដែល​មកដល់​កម្ពុជា បុរស​នេ​ប៉ាល់​រូបនេះ បានធ្វើ​តេស្ត​ដោយ​ទទួលបាន​លទ្ធផល នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គាត់​ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​។ លទ្ធផល​នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់គាត់​ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​អ្នកជំងឺ​នេះ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយឡែក​សម្រាប់​ករណី​ជាសះស្បើយ​វិញ អ្នកជា​សះស្បើយ​ទាំង​២​នាក់​រួមមាន​៖ បុរស​ជនជាតិខ្មែរ អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បុរស​ជនជាតិ​អាមេរិកាំង អាយុ​៦៩​ឆ្នាំ ស្នាក់នៅ Apartment មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣០៧​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ចំនួន​២៩៨​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំ​នយន​៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close