ពលរដ្ឋ មិនត្រូវដុតសំណល់សំរាម និងកុំបោះចោលសំណល់ផ្តេសផ្តាស ចូលក្នុងបឹងទន្លេសាបឡើយ

ខេត្តសៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាសជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាបត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិកដែលកើតពីការរលាយសារធាតុប្លាស្ទិកក្នុងទឹកហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបែបនេះ នាឱកាសចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ ដែលបានប្រារព្ធធ្វើឡើងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
ឯកឧត្តម នេត្រភក្ត្រា បានឱ្យដឹងថា ប្លាស្ទិកជាច្រើនត្រូវបានហូរចូលបឹងទន្លេសាបដោយការប្រើប្រាស់របស់សហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។ ជាមួយគ្នានេះ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនាពេលនេះ ដើម្បីបំផុសចលនាឱ្យពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាបទទួលរងនូវការបំពុលដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។
ការអប់រំនិងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើ ជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។
សូមបញ្ជាក់ថាយុទ្ធនាការប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៦៧៩នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួន ២,៣១៩ គ្រួសារ និងពលរដ្ឋចំនួន ជាង ៤០០ នាក់ផ្សេងទៀតចូលរួមក្នុងកម្មវិធីរួមគ្នានាពេលនេះ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងអ្នកសម្របសម្រួលក្រុមយុវជនមេត្រីភាពបរិស្ថានបានឱ្យដឹងថា កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិក ដែលជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។