ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ និង​ជម្រាបលា​ប្រធាន​តំណាង JICA និង​ជំនួប​សម្តែង​ការគួរសម ប្រធាន​តំណាង JICA ថ្មី

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានទទួល​ជួបពិភាក្សា​ការងារ និង​ជម្រាបលា ពី​លោក Sugano Yuichi អតីត​ប្រធាន​តំណាង​ទី​ភា្ន​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ជប៉ុន (JICA) និង​ជំនួប​សម្តែង​ការគួរសម​ពី​លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ថ្មី ដែល​ទើបនឹង​ទទួល​ការតែងតាំង អមដោយ​ជំនាញការ​ទទួលបន្ទុក​គោលនយោបាយ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជប៉ុន តាមរយៈ​JICA ដែល​បាន​ផ្តល់នូវ​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ជាពិសេស​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់ លោក Sugano Yuichi ក្នុង​ការណែនាំ​ឱ្យទទួល​ស្គាល់ និង​ស្វែងរក​ការគាំទ្រ​ពី​ជប៉ុន​ក្នុងការ​ផ្តល់នូវ​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ កម្ពុជា​។ ជាក់ស្តែង ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការពេញចិត្ត និង​ថ្លែងអំណរគុណ​ដល់​ជប៉ុន ដែល​ផ្តល់នូវ​គ្រឿងចក្រ​សម្រាប់​សាងសង់​ផ្លូវ​ដល់​ក្រសួង ចំ​ពេលដែល​ក្រសួង​ត្រូវការ​ជា​ចាំបាច់​ក្នុងការ​បញ្ជូនទៅ​សម្រាប់​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅ​សៀមរាប​។​

​ជាការ​ឆ្លើយតប លោក Sugano Yuichi ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ចំពោះ​កិច្ចសហការ​យ៉ាង​ពេញទំហឹង​កន្លងមក និង​បាន​ណែនាំ​ឱ្យទទួល​ស្គាល់ លោកស្រី Kamei Haruko ប្រធាន​តំណាង JICA លោក Sasaki Jun ទីប្រឹក្សា​គោលនយោបាយ​ដឹកជញ្ជូន និង​លោក Kobayashi Kenichi ប្រធាន​ទីប្រឹក្សា​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ភស្តុភា​រកម្ម ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី និង​កាន់​ការងារ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ហិរញ្ញប្បទាន​ដោយ​JICA រួមមាន ការសាងសង់​ផ្លូវជាតិ​លេខ​៥ ដែលជា​ឆ្អឹងខ្នង​របស់​ប្រទេស ក្នុង​ការតភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ រួមមាន ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា និង​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​នៅ​ផ្លូវជាតិ​លេខ​១​ដែល​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន​របស់​អាស៊ាន​(AH1)​។

​ទន្ទឹមនឹងនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ថា ទីតាំង​ថ្មី​របស់​ក្រសួង​បានរៀបចំ​ជិត​រួចរាល់​ហើយ រួមមាន អាគារ​ធំ និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​សាធារណការ​និង​ដឹកជញ្ជូន និង​ស្នើ​សុំឱ្យ JICA ជួយ​ក្នុង​ការកសាង​សមត្ថភាព​មន្ត្រី​ក្រសួង ដោយ​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី មួយ​ឬ​ពីរ​សប្តាហ៍​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការផ្តល់ជូន​នូវ​ឧបករណ៍​និង​គ្រឿងចក្រ​សម្រាប់​សាងសង់ ដែលមាន​ទឹកប្រាក់​សរុប​៨​លាន​ដុល្លារ អាមេរិក ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទូទាំងប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close