បើកម៉ូតូវ៉ាជែងម៉ូតូ ទាក់ដៃចង្កូតដួល ត្រូវរថយន្តដឹកថ្មកិនចំពាក់កណ្តាលខ្លួន ស្លាប់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់ បានបើកម៉ូតូវ៉ាជែងនឹងម៉ូតូ១គ្រឿងទៀត បានទាក់ដៃចង្កូតដួល ត្រូវរថយន្តដឹកថ្មកិនចំពាក់កណ្តាលខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលារៀនវីគីវេ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សី បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ខាងលើ បើកម៉ូតូ១គ្រឿង ម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1lG 0193 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាម៉ូតូ១គ្រឿងទៀត ហើយក៏ទាក់ដៃចង្កូតគ្នាដួល ត្រូវរថយន្តដឹកថ្មកិនចំពាក់កណ្តាលខ្លួន បណ្ដាលឲ្យស្លាប់តែម្តង។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 3E 2156 បើកបរក្នុងទិសដៅស្របគ្នា បានរត់គេចខ្លួនបាត់។ ជនរងគ្រោះមានឈ្នោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្តោះអាសន្ន។ ដោយទ្បែកសពជនរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។