ក្រោយ​លោក​ត្រាំ ព្រម​ផ្ទេរអំណាច ប្រធានាធិបតី​ចិន ក៏បាន​ជូនពរ លោក​បៃ​ឌិន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦

លោក​បៃ​ឌិន ជា​បុគ្គល​ដែលមាន ទំនាក់ទំនង​បើកទូលាយ​ជាមួយ​ចិន មិន​រឹតបន្តឹង​ដូចជា​លោក ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​តាំងពី​សារព័ត៌មាន​អាមេរិក ប្រកាសថា លោក​បៃ​ឌិន​ជាប់ឆ្នោត ប្រធានាធិបតី​ចិន​មិនទាន់មាន​សកម្មភាព​អបអរសាទរ ឬ​ជូនពរ​នៅឡើយ​ទេ​។​

​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ផ្ញើ​សារ​ទៅ លោក​ចូ បៃ​ដិ​ន ដើម្បី​អបអរសាទរ​ក្នុងការ​បោះឆ្នោត​ជា​ប្រធានាធិបតី ក្លាយជា​ប្រធាន​ធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក​។​

​ក្នុង​លិខិត​នោះ លោក​ស៊ី បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បំពេញ​នូវ​សេចក្តីប្រាថ្នា​រួម​របស់​សហគមន៍​អន្តរជាតិ​ទៀតផង​។​

​ជាមួយគ្នានេះដែរ លោក​ស៊ី បាន​មានប្រសាសន៍ថា លោក​សង្ឃឹមថា​ភាគី​ទាំងពីរ​នឹង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ស្រុះស្រួល​គ្នា មិន​ប្រឈមមុខគ្នា និង​គោរព​គ្នា​ទៅវិញទៅមក ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ដើម្បី​លើកកម្ពស់​បុព្វហេតុ​ដ៏​ថ្លៃថ្នូ​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​ពិភពលោក​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នេះ អនុ​ប្រធានាធិបតី​ចិន Wang Qishan ក៏បាន​ផ្ញើលិខិត​មួយ​ទៅកាន់​លោកស្រី Kamala Harris ដើម្បី​អបអរសាទរ ចំពោះ​ការ​ឈ្នះ​បោះឆ្នោត ក្លាយជា​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close