ក្រសួងពាណិជ្ជកម្ម ប្រកាសសម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy)។ ការរៀបចំយុទ្ធសាស្ត្រនេះ ទទួលបានការឧបត្ថម្ភហិរញ្ញប្បទានពីអង្គភាពក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF)។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ទោះជាយ៉ាងនេះក្ដី វិស័យនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដោយបញ្ហាប្រឈមទាំងនេះត្រូវបានសិក្សាវិភាគយ៉ាងល្អិតល្អន់នៅក្នុងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក៏បានដាក់ចេញនូវអនុសាសន៍ និងផែនការសកម្មភាព ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។
សូមបញ្ជាក់ផងថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន១០ជំពូក ដូចជា៖ ១) យុទ្ធសាស្ត្រ/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន, ២) ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ, ៣) បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម, ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍, ៥) ហេដ្ឋារចនាសម្ព័ន្ធជំនាញឌីជីថល, ៦) ប្រព័ន្ធទូទាត់, ៧) ភស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ៨) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ៩) ការទទួលបានហិរញ្ញប្បទាន និង ១០) ពត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។