អណ្ដូងទឹកជាង៤០០កន្លែង ក្នុងខេត្តសៀមរាប នឹងត្រូវស្ដារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀង

ខេត្តសៀមរាប៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បន្ទាប់ពីជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះបានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធនានា មានខូចខាតជាច្រើនកន្លែង ក្នុងនោះទឹកស្អាត ជាបញ្ហាអាទិភាពមួយសម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ ដែលក្រសួងគ្រោងនឹងស្ដារអណ្តូងទឹកជាង៤ពាន់កន្លែង នៅតាមបណ្ដាខេត្តចំនួន៨ រួមមាន៖ ខេត្តបន្ទាយមានជ័យ , បាត់ដំបង , ពោធិ៍សាត់ , ប៉ៃលិន , សៀមរាប , ព្រះវិហារ , ស្វាយរៀង និងខេត្តកំពង់ចាម នឹងត្រូវប្រើប្រាស់ថវិកាអស់ចំនួន៩០ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីរាជរដ្ឋាភិបាល និងការចូលរួមពីអង្គការដៃគូនានា ដោយឡែកសម្រាប់ខេត្តសៀមរាប មានអណ្ដូងទឹកខូចខាតដោយសារជំនន់ទឹកភ្លៀងជាង៤០០កន្លែង នឹងត្រូវស្ដារឡើងវិញ ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមជនបទ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាគ្រោះរាំងស្ងួតនាពេលខាងមុខនេះ ដោយរក្សាប្រភពទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជូនដំណឹងពីការខូចខាត អណ្តូង និងស្រះទឹក ដល់អាជ្ញាធរខេត្ត ដើម្បីធ្វើការជួសជុល និងស្ដារឡើង ខណៈគម្រោងនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានកិច្ចសហការជាមួយអង្គការដៃគូ ផ្ដល់ជូនម្សៅក្លរ រួមនឹងធុងចម្រោះទឹកស្អាត សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅតាមតំបន់ជនបទមួយចំនួន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។