លោក ត្រាំ នឹងដើរចេញពីសេតវិមាន បើសិនលោក ចូ បៃដិន ទទួលស្គាល់ជាអ្នកឈ្នះឆ្នោតជាផ្លូវការ

អាមេរិក៖ ក្នុងថ្ងៃបុណ្យរំលឹកគុណ “Thanksgiving” នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងចាកចេញពីសេតវិមាន បើសិនជាលោក ចូ បៃដិន ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយអង្គបោះឆ្នោតទាំង ៥៣៨រូប នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នាឱកាសនោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន លោកពិបាកនឹងទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ហើយក៏មិនបាននិយាយថា លោកនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានា ធិបតីរបស់លោក បៃដិន នោះដែរ ដោយលោកនៅតែអះអាងដដែលថា ការបោះឆ្នោតមានការលួចចបន្លំ ។
សូមជម្រាបថា អង្គបោះឆ្នោតទាំងអស់ នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានីនីមួយៗប្រចាំរដ្ឋរបស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៦ជាផ្លូវការ ហើយដើម្បីជាប់ឆ្នោតលោក បៃដិន ឬលោក ត្រាំ ត្រូវប្រមូលសំឡេងគាំទ្រពីអង្គបោះឆ្នោត២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុបទាំង៥៣៨រូប ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។