ពិភពលោកមានអ្នកឆ្លងជាង៦១លាននាក់ អាមេរិក នឹងប្រើប្រាស់វ៉ាក់សាំងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

គិតដល់ព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦១, ៣០២,៤៣៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៤៣៧,៦៣៩នាក់ និងជាសះស្បើយឡើងវិញ ៤២,៣៩៣,៥២៦នាក់។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៣,២៤៨,៦៧៦នាក់ ស្លាប់ចំនួន ២៦៩,៥៥៥នាក់ និងជាសះស្បើយចំនួន ៧,៨៤៦,៨៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៩,៣០៩,៨៧១នាក់ ស្លាប់ចំនួន ១៣៥,៧៥២នាក់ និងជាសះស្បើយ ៨, ៧១៧,៧០៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៦,២០៤,៥៧០នាក់ ស្លាប់ ១៧១,៤៩៧នាក់ និងជាសះស្បើយ ៥,៥២៨,៥៩៩នាក់។
ជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងត្រូវបានចែកចាយទៅកាន់បណ្តារដ្ឋ នៅសប្តាហ៍ក្រោយ ហើយអ្នកដែលប្រឈមការឆ្លងខ្ពស់ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
សារព័ត៌មាន DailyMail បានផ្សាយថា នៅក្នុងសុន្ទរកថា របស់ប្រធានាធិបតីអាមេរិកទៅកាន់កម្លាំងទាហាន នៅក្រៅប្រទេសតាមអនឡាញ់ ក្នុងថ្ងៃទី២៦ខែវិច្ឆិកា ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ថា វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នឹងចែកចាយប្រើប្រាស់ នៅដើមខែធ្នូ ។ បុគ្គលដែលទទួលបានអាទិភាពមុនគេគឺ ក្រុមគ្រូពេទ្យ មនុស្សចាស់។
លោកត្រាំបញ្ជាក់ថា «វ៉ាក់សាំងនឹងត្រូវបានចែកចាយនៅសប្តាហ៍ក្រោយ និងសប្តាហ៍ក្រោយទៀត »។
លោត្រាំបង្ហាញក្តីសង្ឃឹមថា ស្ថានភាពកូវីដ១៩ នឹងធ្លាក់ចុះក្នុងពេលឆាប់នេះ។ ការប្រកាសរបស់ ប្រធានាធិបតីអាមេរិក ក្រោយពេល ក្រុមហ៊ុន Moderna និង Pfizer ប្រកាសថា វ៉ាក់សាំង នឹងទទួលបានជោគជ័យ ដល់ទៅ៩៥ភាគរយ ។ រដ្ឋបាលគ្រប់គ្រងឱសថអាមេរិក នៅថ្ងៃទី៣០ខែវិច្ឆិកា និងពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បីអនុម័តច្បាប់ប្រើប្រាស់ជាបន្ទាន់។
លោក Gustave Perna ប្រធានយុទ្ធនាការវ៉ាក់សាំងបន្ទាន់Warp Speed បានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកត្រាំនិងចែកចាយវ៉ាក់សាំង ទូទាំងប្រទេស ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ក្រោយការអនុម័ត។ បច្ចុប្បន្ន អាមេរិក មានករណីឆ្លងកូវីដ១៩ កើនឡើងជាង១៣លាននាក់ និងស្លាប់ ជាង២៧០ពាន់នាក់ ។ ជារៀងរាល់ថ្ងៃអាមេរិក មានករណីឆ្លងថ្មីជាង១០០ពាន់នាក់ ថ្ងៃខ្លះមានអ្នកឆ្លងដល់ទៅ ១៧០ពាន់នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។