៩ខែ ឆ្នាំនេះ! កម្ពុជា ចាប់ខ្លួនមនុស្សជាង១ម៉ឺននាក់ ក្នុងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា បញ្ហាគ្រឿងញៀនខុសច្បាប់ គឺជាបទល្មើស ឆ្លងដែនដ៏គ្រោះថ្នាក់មួយ ក្នុងចំណោមបទល្មើសដែលបានកំណត់ ក្នុងវិសាលភាព នៃឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បច្ចុប្បន្ននេះថ្វីដ្បិតការរាតត្បាតជំងឺកូវីដ១៩ បង្កការរាំងស្ទះ និងការរឹតបន្តឹងនានា ដល់ការធ្វើដំណើរឆ្លងដែន ក្នុងប្រទេស ក្នុងតំបន់ និងសកលោកក្ដី កម្ពុជាកត់សម្គាល់ឃើញថា ការជួញដូរ គ្រឿងញៀនខុសច្បាប់ នៅតែជាបញ្ហាដ៏ក្ដៅគគុក ដែលកំពុងបង្កផលប៉ះពាល់ ប្រទាក់ក្រឡាគ្នា យ៉ាងស្មុគស្មាញដល់សន្តិសុខ សុវត្ថិភាព សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីក្រុង និងជនបទ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណ១,៣០០០នាក់។ ក្នុងនោះករណីមួយចំនួនធំ ត្រូវបាននាំចូលតាមព្រំដែនគោក និងតាមការស្រាវជ្រាវ ព្រមទាំងបទពិសោធន៍កន្លងមក អនុតំបន់មេគង្គ ពិសេសតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្ដាល នៃការផលិត និងចរាចរណ៍គ្រឿងញៀនខុសច្បាប់ រួមទាំងប្រភេទគ្រឿងញៀនសំយោគ សម្រាប់ឧក្រិដ្ឋជនបន្តចែកចាយក្នុងតំបន់ និងពិភពលោក។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសរំលេចថា ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ២០១៧ យុទ្ធនាការនេះបានអនុវត្តចំនួន៥លើករួចមកហើយ ដោយបានរឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាច្រើនតោន និងចាប់បញ្ជូនជនល្មើស ទៅទទួលការផ្ដន្ទាទោសជាច្រើនរយនាក់។ យុទ្ធនាការនេះ ក៏បានផ្ដោតលើការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដើម្បីធ្វើសមាហរណកម្មពួកគេ ទៅក្នុងសង្គមវិញផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។