ស្លាប់ម្នាក់ របួស៣នាក់ ករណីម៉ូតូ២គ្រឿងបុកគ្នា នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យុវជនម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវលេខ៣១៧ ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សួស ឃីម អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ម៉ៅ សុផែន អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកអ៉ិចស្ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ សុង សំអាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ កន ចន្ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសទាំងពីរនាក់។
បើតាមសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកអ៉ិចស្ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកប្រកាន់ស្តាំស្រាប់តែទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J -៥០៣៤ ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងប្រគល់សពអ្នកស្លាប់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។