ករណីពុល​ស្រាស​ ១១៥​នាក់ មាន​អ្នកស្លាប់ ៥​នាក់ នៅ​ខេត្តកំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ គិត​ត្រឹម​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ បាន​ជ្រាបថា យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានកើត​ឡើង​នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមាន​ដូចតទៅ​៖
១. បានទទួល​ព្យាបាល​អ្នកមាន​អាការ​:​សង្ស័យ​ពុល​ស្រាស នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១០៥​នាក់ (​ស្រី ៦​នាក់​) ក្នុងចំណោម​នោះ អ្នកមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន ៦​នាក់ និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ០៥​នាក់ (​ស្លាប់​នៅតាម​ផ្លូវ​ពេល​បញ្ជូន​ចំនួន ០២​នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១​នាក់​) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ០១​នាក់ ស្លាប់​នៅផ្ទះ ០១​នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍​ចំនួន ១០​នាក់​។ ជា​សរុប​អ្នករងគ្រោះ​ចំនួន ១១៥​នាក់ (​ស្រី​៦​នាក់​) ក្នុងនោះ​ស្លាប់ ៥​នាក់​។​

​បច្ចុប្បន្ន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មាន​ការវិវត្ត​ន៌​មក​ស្ថានភាព​ល្អប្រសើរ​វិញ​ហើយ​។ មូលហេតុ​អ្នក​ទាំងអស់​ខាងលើ បានមក​ចូលរួម​កំដរ​បុណ្យសព​ក្នុងភូមិ ហើយ​ជួបជុំគ្នា​ពិសារ​ស្រាស រីឯ​ការសន្និដ្ឋាន​រប​ស់​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ គឺជា​ករណី​សង្ស័យ​ពុល​ស្រាស​។​

​វិធានការ​ណ៏ និង​អន្តរា​គម​ន៌​ជួយ​ដល់​អ្នក​សង្ស័យ​ពុល​ស្រាស មាន​ដូចតទៅ ៖
– ពេល​ទទួលបាន​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន ០៣​រូប និង​មាន​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក​ហរ​សួង​សុខាភិបាល ចុះ​ធ្វើដំណើរ​ទាំងយប់​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជួយ​ការងារ​បច្ចេកទេស​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង រហូតដល់​ស្ថានភាព​គ្រប់គ្រង​បាន​ទាំងស្រុង​។​
-​ចាត់វិធានការ​ណ៏​ហាម​ការផឹក​ស្រាស និង​បញ្ឈប់​ការធ្វើ​ចរាចរ​លក់ដូរ​ស្រាស ជាបន្ទាន់​។​
– បាន​សង្គ្រោះ​ជនរងគ្រោះ បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេ​ត្កំ​ពង់​ឆ្នាំង​បាន​ទាន់ពេល លើកលែង​អ្នក​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ពេក​ដែល​បាន​បាត់​បង់ជីវិត​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។​
– បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​ជា​បន្តទៀត ជាពិសេស​មិនត្រូវ​ពិសារ​ស្រាស​ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close