ស្ត្រី​ថៃ​ម្នាក់ ផ្ទុក​កូ​វីដ​១៩ បាន​ចូល​ខារ៉ាអូខេ ផ្សារ​ទំនើប ដោយមាន​មនុស្ស ៣២៦​នាក់​ជួប​ប្រាស្រ័យ​

​ថៃ​៖ ថ្មីៗ​នេះ អាជ្ញាធរ​ថៃ​បាន​បាន​អះអាងថា មាន​មនុស្ស​៣២៦​នាក់​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ នៅ​ឈឿង​ម៉ៃ ដែល​ទើប​រកឃើញថា​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​ស្ត្រី​រូបនោះ​បាន​ទៅ​ហាង​ខារ៉ាអូខេ ផ្សារ​ទំនើប និង​រោងភាពយន្ត ហើយ​បាន​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​ទាំង​ឯកជន​ទាំង​សាធារណៈ​ទៀតផង​។

​បើតាម​ប្រភពពី​ផ្សារ​ទំនើប អ្នក​ប្រាស្រ័យ​ទាក់ទង​ទាំង​នោះបាន​ជួប​ស្ត្រី​រូបនេះ ខណៈដែល​គាត់​មាន​វត្តមាន​ក្នុង​ផ្សារ​ទំនើប ហើយ​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​។ ស្ត្រី​វ័យ​២៩​ឆ្នាំ​រូបនេះ​ទើប​ត្រលប់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ទើប​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៧ វិច្ឆិកា ហើយ​អាជ្ញាធរ​ប្រកាស​នៅ​ថ្ងៃទី​២៨ តែ​គាត់​មកដល់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤ តាម​រថយន្ត​។ អាជ្ញាធរ​ជឿជាក់ថា ស្ត្រី​រូបនេះ​បាន​ឆ្លង​កូ​វីដ​១៩ ខណៈ​មាន​វត្ត​មាននៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ប្រភព​បន្តថា ក្នុងចំណោម​មនុស្ស​ទាំង​៣២៦​នាក់ មាន​១៤៩​នាក់​មាន​ហានិភ័យ​ខ្ពស់ ខណៈដែល​១៤៩​នាក់​មាន​ហានិភ័យ​តិច ប៉ុន្តែ​មាន​មនុស្ស​៧២​នាក់ ប៉ះ​ផ្ទាល់​ជាមួយ​ស្ត្រី​រូបនេះ​។ មាន​សំណួរ​ជាច្រើន​បាន​សាកសួរ​ហេតុអ្វី​បានជា​ស្ត្រី​រូបនេះ​ចូល​ប្រទេស តែ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​ថៃ​សង្ស័យថា ស្ត្រី​រូបនេះ​ប្រហែល​ចូល​ប្រទេស​វិញ ដោយ​ខុសច្បាប់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close