លោកត្រាំ ចោទទាំងក្រសួងយុត្តិធម៌ និងភ្នាក់ងាFBI ចូលរួមក្នុងការបន្លំសន្លឹកឆ្នោត

អាមេរិក៖ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ដោយមិនបានបង្ហាញភស្ដុតាងថា ក្រសួងយុត្តិធម៌ និងការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) អាចមានជាប់ព័ន្ធពាក់នឹងផែនការលួចសន្លឹកឆ្នោត ដែលធ្វើឱ្យរូបលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វាជាការបោះឆ្នោតពោរពេញដោយការលួចបន្លំ ហើយនិយាយពី FBI និងក្រសួងយុត្តិធម៌ ខ្ញុំមិនដឹងនោះទេ តែប្រហែលជាពួកគេក៏មានជាប់ពាក់ព័ន្ធដែរ… ការបោះឆ្នោតនេះត្រូវបានលួចបន្លំ… ការបោះឆ្នោតនេះ ត្រូវបានលួចបន្លំទាំងស្រុង»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិនឡើយ ដែលនេះគឺផ្ទុយពីប្រធានាធិបតីអាមេរិកមុនៗភាគច្រើន ដែលបានទទួលស្គាល់បរាជ័យរបស់ខ្លួន ភ្លាមៗក្រោយការបោះឆ្នោត។ លោក ត្រាំ នៅតែប្រកាន់ជំហរផ្ទាល់ខ្លួនដោយចោទថា ការបោះឆ្នោតមានការលួចបន្លំ ហើយរូបលោកទៅវិញទេទើបជាអ្នកឈ្នះ។ ទោះជាយ៉ាងណា ពាក្យបណ្ដឹងជំទាស់លទ្ធផលបោះឆ្នោត នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានតុលាការច្រានចោល ហើយគណបក្សប្រជាធិបតេយ្យ រួមទាំងថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ ក៏បានជំរុញឱ្យលោក ដូណាល់ ត្រាំ ទទួលស្គាល់បរាជ័យរបស់ខ្លួនឯងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។