រថយន្តដឹកទឹកកក បុកជាមួយរថយន្តកុងតឺន័រ គៀបស្លាប់ម្នាក់នៅនឹងកន្លែង

ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តម្នាក់ បានគៀបស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកទឹកកក និងរថយន្តកុងតឺន័រ នៅវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ(៤៨-៤៩) ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3C-7387 បើកពីកើតទៅលិច អ្នកបើកបរឈ្មោះ ម៉ូយ លីដែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់) លុះបើកមកដល់ចំណុចខាងលើ បានបើកចូលចំណែកផ្លូវបុកខាងរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3D-5043 សន្តោងកន្ទុយលេខព្រះសីហនុ 4A-5020 យ៉ាងពេញទំហឹងតែម្តង។ ភ្លាមៗ អ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ និងបានប្រគល់សពជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុក ដើម្បីដោះស្រាយតាមនីតីវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។