ក្រសួង​អប់រំ ផ្អាក​សកម្មភាព​ជួបជុំ រយៈពេល​១៥​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​ផ្អាក​ការសិក្សា​ទាំងអស់

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​ផ្លូវការ ស្ដីពី​ការផ្អាក​សកម្មភាព​ជួបជុំ រយៈពេល​១៥​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្នុងនោះ​មាន ៖
​ទី​១. ផ្អាក​រាល់​សកម្មភាព​ជួបជុំ សិក្ខាសាលា និង​កិច្ចប្រជុំ​ដែលមាន​អ្នកចូលរួម​លើសពី ២០​នាក់ ក្នុង​រយៈពេល​១៥​ថ្ងៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​
​ទី​២. ផ្អាក​ការរៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី​១២ និង​ការ​បំប៉ន​ត្រៀមប្រឡង ដែល​ធ្វើឡើង​នៅក្នុង​គ្រឹះស្ថានសិក្សា ឬ​លក្ខណៈ​ប្រមូលផ្ដុំ​។ សិស្ស​ថ្នាក់​ទី​១២ ត្រូវ​បន្តធ្វើ​ស្វ័យ​សិក្សា និង​រៀន​តាម​អន​ឡាញ​។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ធ្នូ ២០២០ នៅ​រក្សាទុក​ដដែល​
*​ទី​៣៖ ផ្អាក​ដំណើរការ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល​១៥​ថ្ងៃ​
*​ទី​៤៖ ផ្អាក​រាល់​ការហាត់​ប្រាណ និង​លេង​កីឡា ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ រយៈពេល​១៥​ថ្ងៃ​។​

​គួររំលឹកថា នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បទបញ្ជា​បន្ទាន់​មួយ​ដោយ​ប្រកាស មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន និង​សូម​ឲ្យ​ផ្អាក​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ រយៈពេល​១៥​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​ដាល​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close