អ្នកប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៣​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​៣​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​៣​នាក់​ថែមទៀត ដែល​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨ វិច្ឆិកា​» ជាមួយ​គ្ន​ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​៣​នាក់​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា អ្នក​វិជ្ជមាន​ទាំង​៣​នាក់​ថ្មី​នេះ រួមមាន​៖
* ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ត្រូវជា​ម្ដាយ​អ្នកជំងឺ​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​ស្ត្រី​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

* ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៥​ឆ្នាំ និង​ទារក (​ជនជាតិខ្មែរ​) អាយុ​៧​ខែ មាន​អាសយដ្ឋាន​នៅ​ស្នាក់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​បុគ្គល​ទាំងពីរ​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​បាន​ចំនួន ២,៦២១​នាក់ (​ក្នុង​ចំនួន​នេះ​មាន​រាជធានី​ភ្នំពេញ ២,១៣១​នាក់​) នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ដូច្នេះ​ចំនួន​សរុប​ដែល​បានធ្វើ​តេស្ត នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤,៨៦៩​នាក់ ដែល​នៅក្នុង​ចំនួន​នេះ លទ្ធផល​តេស្ត​បានបង្ហាញ ថា​មាន​អ្នក វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៧​នាក់ (​ក្នុង​ចំនួន​នេះ មាន​ទាំង​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​- ១៩ ថ្មី ចំនួន​០៣​នាក់​ខាងលើ​នេះដែរ​) ដែល​ពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​!​។ រីឯ​ចំនួន​នៅសល់ ៤.៨៥២​នាក់ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។​

​ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​ចំនួន​៣​នាក់​វិញ​រួមមាន​៖

* បុរស​ជនជាតិខ្មែរ​អា​យុ ៥១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជាម​ន្ត្រី ផ្នែក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ ប្រទេស​ស៊ូដង់​ខាងត្បូង (UNMISS) បន្ត​ជើងហោះហើរ​នៅ​ប្រទេស​គុយបា មក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​អេ​ត្យូ​ពី (Ethiopia) រួច​បាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

* បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា មាន​អាសយដ្ឋាន​ស្នាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

* បុរស​ជនជាតិខ្មែរ​អា​យុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣២៦​នាក់ (​ស្ត្រី ៧៣​នាក់ និង​បុរស ២៥៣​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​២២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close