អាជ្ញាធរ​ក្រុង​បាងកក ប្រកាស​លុបចោល​ពី​ធី​ឆ្លង​ឆ្នាំ​វិញ បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ជាថ្មី​

ថៃ​៖ រដ្ឋបាល​ទីក្រុង​បាងកក BMA ប្រកាសថា រាល់​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​នៃ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ត្រូវបាន​លុបចោល​វិញ បន្ទាប់ពី​ករណី​ថ្មី​នៃ​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ នេះ​បើតាម​សារព័ត៌មាន The Thaiger នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​រដ្ឋបាល​ទីក្រុង​បាងកក BMA ក៏​ស្នើសុំ​ឲ្យ​កម្មករ​នៅក្នុង​ទីក្រុង​បាងកក ធ្វើការ​ពី​ផ្ទះ​ផងដែរ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ខាងមុខនេះ​។ រហូតមកទល់​ពេលនេះ អាជ្ញាធរ​សុខាភិបាល​កំពុងធ្វើការ​តាមដាន​យ៉ាងសកម្ម​នៅតាម​ការដ្ឋាន​សំណង់ ភោជនីយដ្ឋាន និង​ផ្សារ​ចំនួន​៤៧២​នៅ​ជុំវិញ​ខេត្ត សាមុត សា​ខន និង​ទីក្រុង​បាងកក​។

​វិធានការ​នេះ​បាន​កើតមានឡើង​ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ Covid-19 ចំនួន​៦៨៩​ករណី​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដែល​ភាគច្រើន​ទាក់ទង​ទៅនឹង​កម្មករ​ចំណាកស្រុក​នៅក្នុង​ឧស្សាហកម្ម​នេសាទ​តាម​ឆ្នេរសមុទ្រ និង​ផ្សារ​ក្នុង​ខេត្ត​របស់​ថៃ​មួយ​នេះ​។​

​ទន្ទឹមគ្នា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ថៃ​បាន​និយាយថា បច្ចុបន្ន​ពួកគេ​កំពុង​តាមរក​មនុស្ស​ជាង​១​ម៉ឺន​នាក់ ដែល​អាចមាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក​ដែល​បាន​ឆ្លង Covid-19៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close