មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ និង​សិក្សា​គម្រោង​សាកល្បង​បង់ថ្លៃ​សេវា ផ្គត់ផ្គង់​ទឹកសាប ដើម្បី​ជួយ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ន​នៅ​ភ្នំ​គូលែន​!

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ចុះ​ពិនិត្យ និង​សិក្សា​ការអនុវត្ត​សាកល្បង​គម្រោង​ការបង់​ថ្លៃ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី ហៅ​កាត់​ថា ភី អុ​ី អេស (PES) (Payment for Ecosystem Services) នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប ដើម្បី​ប្រើប្រាស់​ថវិកា​ដែល​ទទួលបាន សម្រាប់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី នៅ​ភ្នំ​គូលែន នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក្នុង​ដំណើរ​ទស្សនកិច្ច ក្នុង​ខេត្ត​នេះ រយ​:​ពេល ៣​ថ្ងៃ ដែល​បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​កន្លងមកនេះ​។​

​តាម​ការសិក្សា​របស់​ក្រសួងបរិស្ថាន បង្ហាញថា ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​”​ភ្នំ​គូលែន​” មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកសាប និង​ទឹក​ក្រោម​ដី​សម្រាប់​ក្រុង​សៀមរាប ជាពិសេស​ផ្តល់​ជា​ប្រភពទឹក​ក្រោម​ដី សម្រាប់​រក្សា​លំនឹង​ប្រាសាទបុរាណ​ក្នុង​ខេត្ត ដែល​ភាគច្រើន​សាងសង់​លើ​ទម្រ​ដីខ្សាច់​។ ក្នុងនោះ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ប្រើប្រាស់​ទឹក​ក្រោម​ដី​ប្រមាណ​៨០​ភាគរយ ចំណែក ២០​ភាគរយ​ទៀត ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ខេត្តសៀមរាប​។ ការប្រើប្រាស់​ដ៏​សន្ធឹកសន្ធាប់​នេះ បានធ្វើឱ្យ​បរិមាណ​ទឹក​ក្រោម​ដី​មានការ​ថយចុះ ដែល​ធ្វើឱ្យ​ការជីក​អណ្តូង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ជ្រៅ​ទៅៗ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ភី អ៊ី អេស (PES) ជា​យន្តការ​ហិរញ្ញវត្ថុ​សំដៅ​ដល់​អ្នកប្រើប្រាស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ត្រូវ​បង់ថ្លៃ​ជា​សាច់ប្រាក់​ដល់​អ្នក​ដែល​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​ដល់​និរន្តរភាព នៃ​សេវាកម្ម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ណាមួយ​។ គម្រោង​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​ភារកិច្ច​ដល់​ក្រសួងបរិស្ថាន​ពិនិត្យ និង​សិក្សា ជាមួយ​អ្នកពាក់ព័ន្ធ និង​រៀបចំ​គោលនយោបាយ នៃ​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​។​

​ឯកឧត្ដម បញ្ជាក់​បន្ថែមថា អ្នក​ដែល​ត្រូវ​ស្ម័គ្រចិត្ដ​បង់ពន្ធ​មានដូចជា អ្នកធ្វើអាជីវកម្ម​ទឹកជា​លក្ខណ​:​ពាណិជ្ជកម្ម រួមទាំង​អ្នក​ផលិត និង​ចែកចាយ​ផងដែរ​។ ការបង់​ថវិកា​ទៅលើ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ នឹង​អនុវត្ត​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ខេត្តសៀមរាប និង​តំបន់​ក្បាលឆាយ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្រៅពី​គម្រោង ភី អ៊ី អេស (PES) ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចាំបាច់​ត្រូវការពារ និង​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី នៅ​ភ្នំ​គូលែន ដូចជា​ការទប់ស្កាត់​ការបាត់បង់​ព្រៃឈើ ការស្តារ​ឡើងវិញ​នូវ​ព្រៃឈើ និង​ប្រព័ន្ធ​ទឹកធម្មជាតិ​ដែល​បាត់បង់ និង​ខូច​មុខងារ ដោយ​ទប់ស្កាត់​ការបំពុល​ទឹក​ក្នុង​ស្ទឹង និង​ទឹក​ក្រោម​ដី​ផងដែរ​។​

​គួរ​ជម្រាប​ថា ឧទ្យាន​ជាតិ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន​នេះ មាន​ផ្ទៃដី​ទំហំ​ជិត​៤០​ម៉ឺន​ហិកតា (៣៧,៣៧៣ ហិកតា​) មាន​ប្រភព​ទឹកធំៗ​ប្រមាណ ៥០ កន្លែង និង​មាន​អាង​ស្តុក​ទឹកធំៗ​ជាង​១០​កន្លែង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close