ឯកឧត្តម សាយ សំ​អាល់ អនុញ្ញាតិ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ប្រគល់​សម្ភារៈ​

​ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ជា​អធិបតីភាព​ពិធី​ប្រគល់​សម្ភារៈ​ជា​និមិត្តរូប​ដែលជា​ជំនួយ​របស់​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​ប្រទេស​ចិន​តាមរយៈ​ក្រុមហ៊ុន Spark Co., Ltd នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ តាមរយៈ​អនុស្សរណៈ​កាត់បន្ថយ​កាបូន ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន តាមរយៈ​ក្រុមហ៊ុន Spark Co., Ltd, បាន​ផ្តល់ឱ្យ​ក្រសួងបរិស្ថាន​កម្ពុជា​នូវ​សម្ភារ​មួយចំនួន រួមមាន អំពូល​បំភ្លឺ​ផ្លូវ​ចំនួន​២៨០០​ដើម សូ​ឡា​PV ចំនួន​២០០​គ្រឿង ម៉ូតូ​អាគុយ​ចំនួន​២០០​គ្រឿង និង​ឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​២០​សម្រាប់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លា​សហរដ្ឋអាមេរិក​។

​ជំនួយ​ជា​សម្ភារៈ​និង​បរិក្ខា​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ខាងលើនេះ បានផ្តល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ពង្រឹងសមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាព​សុ​ខុ​ដុមរ​មនា​បរិស្ថាន និង​កា​រស់នៅ​ដោយ​ចីរភាព​។​

​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​ជំនួយ​ជា​សម្ភារៈ​ទាំងនេះ​គឺជា​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ ហើយនឹង​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​វិស័យ​បរិស្ថាន​។

​ជាការ​ឆ្លើយតប ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​ប្រទេស​ចិន​ដែល​បានផ្តល់​ជំនួយសម្ភារៈ​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា​សម្ភារៈ​បំភ្លឺ​ខាងលើ​នឹងត្រូវ​ដាក់ឱ្យ​ប្រើ​នៅតាម​ទីសាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​នៅ​បំភ្លឺ​នៅតាម​សាលារៀន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ហើយក៏​ដើម្បី​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​បាន សិក្សា​ពី​សម្ភារៈប្រើប្រាស់​ថាមពលព្រះអាទិត្យ ក៏ដូចជា​ជួយ​បំភ្លឺ​កន្លែង​ហាត់​កីឡា​នានា​។
​ឯកឧត្តម​បាន​ថ្លែងថា គោលដៅ​សំខាន់​គឺ​ធ្វើឱ្យ​ឪពុកម្តាយ​សិស្ស​វិល​ត្រឡប់មក​សាលារៀន​ដើម្បី​ហាត់​កីឡា និង​មានឱកាស​អាច​ជជែក​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​។ ឯកឧត្តម​បន្តថា​ម៉ូតូ​អាគុយ​និង​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ត្រូវបាន​យកមកប្រើ​ប្រាស់​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​មន្ទី​ពិសោធន៍​និង​តាម​ទីតាំង​ត្រួតពិនិត្យ​តាមដាន​របស់​ក្រសួងបរិស្ថាន​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​សំខាន់ៗ​នៃ​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត​ចិន ចំនួន​៨ គ្រប់​ដណ្តប់​លើ (១) កិច្ចសហប្រតិបត្តិការ​គាំពារ​បរិស្ថាន​កម្ពុជា​-​ចិន (២) ការបង្កើត​ការិយាល័យ​រៀបចំ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​កម្ពុជា​-​ចិន (៣) ការផ្ដល់​ជំនួយ​ឧបករណ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ (៤) កិច្ចសហប្រតិបត្តិការ​សាកល្បង​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី (៥) ការរៀបចំ​មន្ទីរពិសោធន៍​សហ​ប្រតិ​ប​ត្ដិ​ការ កម្ពុជា​-​ចិន (៦) ការរៀបចំ​តំបន់​បញ្ចេញ​កាបូន​តិច និង (៧) ការផ្ដល់​ជំនួយ​ស្ថានីយ​តាមដាន​គុណ​ទឹក​ស្វ័យប្រវត្តិ ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close