បើករថយន្តវ៉ាជែង មិនប្រយ័ត្នប៉ះម៉ូតូដួល ខ្ទាតអ្នកជិះពីក្រោយចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗ

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តបើកវ៉ាជែងម៉ូតូ បណ្តាលឲ្យដួល ខ្ទាតជនរងគ្រោះចូលក្រោមរថយន្ត។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9133 អ្នកបើកបរឈ្មោះ ម៉ៅ សុខមី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអូតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅពីត្បួងទៅជើងមកដល់ចំណុចខាងលើបានឡើងវ៉ាជែងម៉ូតូ១គ្រឿង បណ្ដាលអោយម៉ូតូដួលខ្ទាតអ្នកជិះពីក្រោយចូលក្រោមកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំបណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះនាង គន្ធា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ និងអ្នកបើកបររងរបួសជើងខាងឆ្វង។ បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។