នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ ចុះ​ពិនិត្យ​តាមដាន​ការចិញ្ចឹម​ត្រី​ប្រជាកសិករ​ជា​លក្ខណៈ​គ្រួសារ​

ខេត្តកំពង់ធំ​៖ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ និង​សហការី បាន​ចុះ​ពិនិត្យ តាមដាន និង​ណែនាំ​ដល់​កសិករ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជា​លក្ខណៈ​គ្រួសារ ដែលជា​សមាជិក​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី សម្រស់​មច្ឆា​បុប្ផា​សាន់​គរ របស់​កម្មវិធី​(ASPIRE) នៅ​ភូមិ​ក្រសាំង​ក ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ។

​ជា​លទ្ធផល​ឃើញថា ត្រី​របស់​ពួកគាត់​មានការ​លូតលាស់​ធំធាត់​ជា​មធ្យម ដោយសារ​ការផ្ដល់​ចំណី​មិនបាន​គ្រប់គ្រាន់ និង​គុណភាព​មិនល្អ ។​ក្នុងនោះដែរ​ក្រុមការងារ​ក៏បាន​ណែនាំ​ដល់​កសិករ​អំពី​ការថែទាំ ការផ្ដល់​ចំណី និង​ការជ្រើសរើស​ចំណី​ដែល​មានគុណ​ភាពល្អ​សម​ស្របតាម​ដំណាក់កាល​លូតលាស់​របស់​ត្រី​ផងដែរ ។

​បន្ទាប់មកទៀត​ក្រុមការងារ​ក៏បាន​បន្ដ​ចុះ​ពិនិត្យ​ទីតាំង​ដែល​គ្រោង​បង្កើតជា​សហគមន៍​ស្រះ​ជម្រក​ត្រី នៅ​ត្រពាំង​ភក់ ភូមិ​សំព័រ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង​។ ព្រមទាំង​បាន​បន្ដ​ចុះ​ពិនិត្យ និង​លើកទឹកចិត្ត​ដល់​គណៈកម្មការ​គ្រប់​ស្រះ​ជម្រក​ត្រី​សហគមន៍ ត្រពាំង​ឈូក ស្ថិតក្នុង​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ​។ ក្នុងនោះដែរ​លោកនាយ​ក៏បាន​ណែនាំ​ពី​វិធីសាស្ត្រ​គ្រប់គ្រង ថែរក្សា​ធនធាន​ជលផល វិធីសាស្ត្រ​គៀងគរ​ថវិកា​សម្រាប់​ទ្រទ្រង់​ស្រះ​សហគមន៍​។

​លោក ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​គណៈកម្មការ​ដើម្បី​ដំណើរការ​គ្រប់គ្រង និង​ប្រើប្រាស់​ក្នុង​តម្រូវ​ការចាំបាច់​ក្នុងការ​អភិវឌ្ឍ​សហ​គន៍​អោយមាន​ការរីកចំរើន ។​សូម​ជម្រាប​ផងដែរ​ថា​សម្រាប់​ខេត្តកំពង់ធំ​ទាំងមូល​មាន​សហគមន៍​ស្រះ​ជម្រក​ត្រី​សរុប​ចំនួន ៥០​សហគមន៍ និង​គ្រោង​បង្កើត​ថ្មី​ចំនួន​០៥​សហគមន៍ ក្នុង​ឆ្នាំ​២០២១​ខាងមុខនេះ ។

​សហគមន៍​ស្រះ​ជម្រក​ត្រី​គឺជា​ជង្រុក​សម្រាប់​ត្រី​មេ​ពូជ​ដ៏​សំខាន់​ជាពិសេស​នា​រដូវប្រាំង​។ ហេតុនេះ សូម​បងប្អូន​ប្រជា​សហគម​មន៍​ទាំងអស់ ចូលរួម​ថែរក្សា​នូវ​ធនធាន​ទាំងអស់នេះ​អោយបាន​គង់វង្ស​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close