ពលរដ្ឋជាង ៤០០គ្រួសារ រស់នៅតាមដងស្ទឹងសៀមរាប ស្ម័គ្រចិត្តរុះរើសំណង់ទៅនៅទីតាំងថ្មី

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរ ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានស្ម័គ្រចិត្តរុះរើសំណង់នៅតាមបណ្តោយស្ទឹងសៀមរាប។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។ ជាមួយគ្នានឹងការចុះពិនិត្យទីតាំងនេះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវធ្វើការបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់រដ្ឋបាលជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មី។

សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម្យ៉ាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។
រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកា ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។