ក្រសួងទេសចរណ៍ ទទួលបាន​សម្ភារ​បរិ​ក្ខា​រ​ប្រឆាំង​មេរោគ​កូ​វីដ​ពី​ក្រុមហ៊ុន Leisure Asia Corporation

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានទទួល​សម្ភារ​បរិ​ក្ខា​រ​មួយចំនួន មានដូចជា​ទឹក​សម្លាប់​មេរោគ​ម៉ាក Ebiodis ឧបករណ៍​បាញ់​ស្វ័យប្រវត្តិ​លើ​តុ និង​ឧបករណ៍​បាញ់​ស្វ័យប្រវត្តិ​ព្យួរ​ជ​ញ្ចាំ​ង ពី​ក្រុមហ៊ុន Leisure Asia Corporation សម្រាប់​ប្រើប្រាស់​តាម​ការចាំបាច់ ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការទទួល​សម្ភារ​បរិ​ក្ខា​រ​ខាងលើនេះ ធ្វើឡើង​ក្នុងជំនួប​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​ម​មន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោកជំទាវ ហេង ពិសី អគ្គនាយិកា និង​លោក Ivan Yanushkevich អ្នកជំនាញ​ការផលិត​កម្ម​នៃ​ក្រុមហ៊ុន Leisure Asia Corporation នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រុមហ៊ុន ដែល​បាន​ផលិត​ទឹក​សម្លាប់​មេរោគ ប្រកបដោយ​គុណភាព​នៅ​កម្ពុជា ដែលជា​ការចូលរួមចំណែក​ដល់​ការការពារ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ និង​មេរោគ​នានា​។​

​លោកជំទាវ ហេង ពិសី បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ចំពោះ​ការគាំទ្រ​ដល់​ផលិតផល​របស់​ក្រុមហ៊ុន ដែល​លោក​តែងតែ​គិតគូរ​ដល់​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ និង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​

​នាឱកាស​នោះ ក្រុមហ៊ុន​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រសួងទេសចរណ៍​នូវ​ទឹក​សម្លាប់​មេរោគ​ម៉ាក Ebiodis ចំណុះ ៣០ លីត្រ ៥ លីត្រ ១ លីត្រ ៥០០ មី​លី​លីត្រ និង ១០០ មី​លី​លីត្រ ព្រមទាំង​ឧបករណ៍​បាញ់​ស្វ័យប្រវត្តិ​លើ​តុ និង​ឧបករណ៍​បាញ់​ស្វ័យប្រវត្តិ​ព្យួរ​ជ​ញ្ចាំ​ង ដើម្បី​ប្រើប្រាស់​តាម​ការចាំបាច់​ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។​
​លោក Ivan Yanushkevich បាន​បញ្ចា​ក់ថា ទឹក​សម្លាប់​មេរោគ​ម៉ាក Ebiodis ត្រូវបាន​ផលិតឡើង​ដោយ​ក្រុម​អ្នកជំនាញ​កម្ពុជា​-​រុ​ស្ស៉ី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​រុ​ស្ស៉ី ជា​ផលិតផល​ធម្មជាតិ (Organic) ងាយស្រួល​ប្រើ គ្មាន​សារធាតុ​អាល់កុល មិន​ប៉ះពាល់​សុខភាព​មនុស្ស សត្វ និង​រុក្ខជាតិ និង​អាច​សម្លាប់​មេរោគ​បាន​រហូតដល់ ៩៩.៩៩% ក្នុង​រយៈពេល​ពី ២០-៣០ វិនាទី អាច​ប្រើប្រាស់​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​ដោយ​បាញ់​លើ​ដៃ ជើង ម៉ាស់ ស្បែកជើង សម្លៀកបំពាក់ សម្ភារ​ប្រើប្រាស់​របស់​ក្មេង​លេង​នៅក្នុង​ផ្ទះ តាម​រោងកុន កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និង​សម្ភារ​នៅតាម​ទីតាំង​ផ្សេងៗ​ទៀត រួមទាំង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ផងដែរ​។​

​គួរ​បញ្ចា​ក់ថា ដើម្បី​ចូលរួម​ក្នុងការ​បង្ការ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ក្រសួងទេសចរណ៍​បានដាក់​ចេញ នូវ​វិធាន​សុ​វត្តិភាព​ទេសចរណ៍​ចំនួន ៧ រួមមាន​៖
១៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​សេវា​ស្នាក់នៅ​ទេសចរណ៍​
២៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​
៣៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​រមណី​ដ្ឋា​ន​ទេសចរណ៍​
៤៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​ដឹក​ជ​ញ្ចូ​ន​ទេសចរណ៍​ផ្លូវគោក​
៥៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​ដឹក​ជ​ញ្ចូ​ន​ទេសចរណ៍​ផ្លូវទឹក​
៦៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​ការី​ទេសចរណ៍​ក្នុងស្រុក​
៧៖ វិធាន​សុ​វត្តិភាព​ទេសចរណ៍ សម្រាប់​មគ្គុទេសក៍ និង​អ្នកបកប្រែ​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close