ក្រសួងបរិស្ថាន ប្រគល់​រថយន្ត​ដឹក​សំរាម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ភ្នំពេញ​៖ នា​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ឯកឧត្តម ចាយ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ប្រគល់​រថយន្ត​ដឹក​សំរាម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ឯកឧត្តម ចាយ សា​មិត្ត បាន​គូសបញ្ជាក់ថា តាមរយៈ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការធ្វើកំណែទម្រង់​ការងា​រវិ​មជ្ឈការ និង​វិសហមជ្ឈការ ក្រសួងបរិស្ថាន​បានប្រគល់​ធនធាន​សម្ភា​រ នូវ រថយន្ត​ដឹក​សំរាម ចំនួន ០៣​គ្រឿង ជូន​រដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រដ្ឋបាល​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​រដ្ឋបាល​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ក្នុង​គោលដៅ​ធានាបាន​កិច្ច​គាំពារ​បរិស្ថាន និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​។​

​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ស្មារតី និង​សម្ភារៈ ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការអនុវត្ត​មុខងារ​ដែល​ត្រូវបាន​ប្រគល់ជូន​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធិភាព​។ ជាក់ស្តែង ការប្រគល់​ជូន​រថយន្ត​នាពេលនេះ គឺជា​ការគាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ជា​មធ្យោបាយ​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅតាម​ទីប្រជុំជន​ស្រុក​/​ក្រុង​ឱ្យមាន​ប្រសិទ្ធិភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ឯកឧត្តម ចាយ សា​មិត្ត បាន​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​ក្រុង​/​ស្រុក ដែល​បានទទួល​រថយន្ត​នាពេលនេះ ត្រូវមាន​ឆន្ទៈ​ការងារ និង​ចូលរួម​ប្រើប្រាស់​រថយន្ត​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close