កម្ពុជា ថ្ងៃនេះ អត់មានករណីឆ្លងកូវីដ១៩ថ្មីទេ តែមានអ្នកជាសះស្បើយ២នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស ដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ ថែមទៀត បានជាសះស្បើយ។
អ្នកជំងឺទាំង២នាក់ ដែលព្យាបាលជាសះស្បើយនោះរួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភរិយាបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដោយជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២៖ បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានអ្នកឆ្លងសរុបចំនួន៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។