រដ្ឋបាលខេត្ត​កំពង់ស្ពឺ ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី

​ខេត្តកំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានរៀបចំ ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ នៅ​សាលប្រជុំ​សាលាខេត្ត​អគារ​(​ខ​) ក្រោម​អធិបតីភាព​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម​ ​យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​សមាជិក សមាជិកា​ជាច្រើនរូប​ទៀត ។

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ផ្តាំផ្ញើ​ដល់ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ ចំពោះ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង និង​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បន្ត​កិច្ចការងារ​ទំនាក់ទំនង​ឲ្យ​បានល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ដៃគូរ​អង្គការ​សង្គម​ស៊ីវិល​នានា​។​

​ទន្ទឹមនឹងនេះ​ផងដែរ ឯកឧត្តម វ៉ី សំណាង ក៏បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ក្រោយពី​ពេល​ទទួលបាន​តួនាទី​ថ្មី​ហើយ ត្រូវខិតខំ​ទ្វេរ​ឡើង​ថែមទៀត ក្នុងការ​បំពេញភារកិច្ច​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន និង​ជាតិ​មាតុភូមិ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ថ្នាក់លើ​ដែល​ប្រគល់ជូន ។ ខិតខំ​បន្ត​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្បាស់​អំពី​ផលប៉ះពាល់ និង​កិច្ចការពារបរិស្ថាន ព្រមទាំង​ការគ្រប់គ្រង​ធនធានធម្មជាតិ តាម​បណ្តា​ក្រុង ស្រុក សហគមន៍​តំបន់ការពារធម្មជាតិ និង​ពង្រឹង​សហគមន៍​តំបន់ការពារធម្មជាតិ ត្រូវខិតខំ​បន្ត​កិច្ច​សហការគ្នា​ឱ្យបាន​ជិតស្និត​ជាមួយ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​លទ្ធផល​ខ្ពស់ ។

​ចូលរួម​អនុវត្ត​អោយបាន​ហ្មឹ​ង​ម៉ាត់​ក្នុងការ​ប្រតិបត្តិ​ច្បាប់ អនុវត្ត​យ៉ាងសកម្ម​តាម​កម្មវិធី​នយោបាយ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ប្រសើរ និង​ទូលំទូលាយ​ថែមទៀត​រវាង​ថ្នាក់លើ និង​ថ្នាក់ក្រោម និង​ជាមួយ​បណ្តា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ត្រូវ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​មន្ត្រីរាជការ ដោយមាន​ការពង្រឹង​វិន័យ ចេះ​សម្របសម្រួល តាមដាន ការងារ និង​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្រោម​ឱវាទ ដើម្បីឱ្យ​ពួកគេ​បញ្ចេញ​ឱ្យអស់​សមត្ថភាព​ប្រកបដោយ​មនសិកា​វិជ្ជាជីវៈ​របស់ខ្លួន​ដែលមាន​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ប្រកបដោយ​ភាពឈ្លាសវៃ ត្រូវមាន​ចក្ខុវិស័យ ទិសដៅ​ផែនការ​សកម្មភាព លើ​វិស័យ​ដែល​ខ្លួន​ដឹកនាំ ហើយ​អ្វី​ជា​អាទិភាព​ក្នុងករណី​មាន​បញ្ហា​កើតឡើង ឬ​មាន​បញ្ហា​ប្រឈម​ត្រូវខិតខំ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​មាន​មនសិកា​ការងារ​ខ្ពស់ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ផងដែរ​។

​លោក ឱម ម៉ាក់​ធា​រី ដែល​ទើបតែ​ប្រកាសឡើង​កាន់តំណែង បានធ្វើ​ការប្តេជ្ញាចិត្តថា ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល គោរព និង​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ និង​ទិសដៅ មតិ​ណែនាំ​របស់​ក្រសួង ក៏ដូចជា​ទិសដៅ​របស់​ក្រសួង​នានា​ដែល​ពាក់ព័ន្ធ បន្ត​និរន្ត​ភាព​ការងារ​ក្នុង​មន្ទីរ លើ​សេវាសាធារណៈ ដោយ​ពង្រឹងគុណភាព បច្ចេកទេស គោរព​ពេលវេលា ជាមួយគ្នា​នោះ​លោក​នឹង​រក្សា និង​ថែទាំ​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជា​កំលាំង​សម្រាប់​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​ការងារ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close