ថ្ងៃនេះ អ្នកជំងឺ​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ជាសះស្បើយ​ចំនួន ៣​នាក់ ខណៈ​មិនមាន​ករណី​ឆ្លង​ថ្មី​នោះទេ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នៅ​កម្ពុជា​នោះទេ ខណៈ​អ្នកជំងឺ​ចំនួន​៣​នាក់​ថែមទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​អ្នកជា​សះស្បើយ​ទាំង​៣​នាក់ ជា​អ្នកជំងឺ​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» រួមមាន​៖

១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ម៉ាក់​ក្លឿ​ង សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​

២៖ បុរស​ជនជាតិខ្មែរ អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​មិត្តភក្តិ​របស់​បុរស​ជន​ជាតិខ្មែរ អាយុ​៣៥​ឆ្នាំ ដែល​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៦៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៥៤​នាក់ និង​អ្នកជំងឺ​៩​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​វិញ​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» វិញ មាន​ចំនួន​សរុប​៤១​នាក់ ក្នុង​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close